ស្ថាប័នគយ ច្រក​តំបន់​បឹង​ត្រកួន បិទបាំង​ទំនិញគេចពន្ធ​នាំចូល​ពី​ប្រទេស​ថៃ​(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2018 ក+ ក-

​បន្ទាយមានជ័យ ៖ ទំនិញ​ជាច្រើន​ប្រភេទ​រាប់ទាំង​សត្វពាហន​:​ខុសច្បាប់​ផងដែរ ដែល​ក្រុម​ឈ្មួញ​នាំ​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​តាម​ច្រក​តំបន់​បឹង​ត្រកួន​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​គេ​រាយការណ៍​ថា មានការ​គៃបន្លំ​បិទបាំង​មុខទំនិញ​មិន​បង់ពន្ធ​ចូល​រដ្ឋ ឬ​បង់ពន្ធ​មិន​គ្រប់​ចំនួន ដែល​ដែន​សមត្ថកិច្ច​នេះ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារ​តំបន់​បឹង​ត្រកួន​។​

​ប្រភព​ដដែល​បញ្ជាក់ថា ច្រក​បឹង​ត្រកួន​នេះ ក្រៅពី​ឈ្មួញ​នាំ​ទំនិញ​ផ្សេងៗ​ចូល នៅមាន​ស្ត្រី​ដ៏​ល្បីឈ្មោះ​ម្នាក់ទៀត​ឈរ​ធ្វើជា​ថៅកែ​នាំ​ជ្រូក​ក្នុង​មួយថ្ងៃៗ​រាប់រយ​ក្បាល​តាមរយៈ​រថយន្ត​ធុន​ធំ​ជាច្រើន​គ្រឿង​។ ស្ត្រី​ថៅកែ​ជ្រូក​ឈ្មោះ សុខ លាង មាន​វ័យ​ជាង ៣០​ឆ្នាំ ធ្លាប់បាន​អះអាងថា ខ្លួន​ជា​តំណាង​ក្រុមហ៊ុន អង្គ​រសុខ សា​រឹទ្ធ ជា​ថៅកែ​ធំ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​។​

​ស្ត្រី​ឈ្មោះ សុខ លាង បាន​បញ្ជាក់ថា ក្នុង​មួយថ្ងៃ​ក្រុមហ៊ុន អង្គ​រសុខ សា​រឹទ្ធ
​នាំ​ជ្រូក​ទៅ​ចែកចាយ នៅ​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ។ អ្វីដែល​មិនគួរ​ឲ្យ​ជឿ​នោះ​គឺ ជ្រូក​ក្នុង​មួយ​រថយន្ត​មាន​ចំនួន​ចាប់​120​ក្បាល ហើយ​ក្នុង​មួយថ្ងៃ​នាំចូល​ពី​៤​គ្រឿង ឡើងទៅ​។ ដោយឡែក​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​តំបន់​បឹង​ត្រកួន ប្រាប់ ផ្ទុយ​ពី​ស្ត្រី​ឈ្មោះ សុខ លាង ដែល​ម្ចាស់​ជ្រូក ទៅវិញ​។​

​ប្រជាពលរដ្ឋ​ចោទប្រកាន់ថា បាន​ស៊ុមគ្រលុំ​គ្នា​គៃបន្លំ​ប្រាក់​ពន្ធ​ចំណូល​រដ្ឋ​ក្នុងការ​បិទបាំង​តួលេខ​នៃ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​រាប់រយ​ក្បាល​ក្នុង​មួយថ្ងៃៗ ។​ជា​ករណី​នាំចូល​មិន​ប្រក្រតី​ដែល​រថយន្ត​ធុន​ធំ​របស់​ថៃ បាន​ដឹក​ជ្រូក​ចូលមក​កម្ពុជា​លក់​ឲ្យ​ឈ្មួញ​ខ្មែរ​នៅ​ទីតាំង​មួយកន្លែង​នៅក្បែរ​រង្វង់​មូល ផ្លូវជាតិ​លេខ​៥៨ ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ត្រូវបាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​មន្ត្រី​ជំនាញ​ស្ថាប័នគយ បាន​ឃុបឃិត​គ្នា​បន្លំ​ប្រាក់​ពន្ធ យកលុយ​លម្អៀង​ពី​ការបន្លំ​ពន្ធ​នោះ ចែកគ្នា​ដាក់​ហោប៉ៅ ដោយ​មិន​អើពើ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សាមីក្រសួង និង​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រមូល​ពន្ធអាក​រ​ដើម្បី​ជា​ប្រយោជន៍​អភិវឌ្ឍន៍​សង្គមជាតិ​នោះឡើយ​។​

បញ្ហា​ខាងលើនេះ​លោក ញឹក ប៊ុន​លេខ ស្នាក់ការ​ច្រក​តំបន់​បឹង​ត្រកួន មិនអាច​សុំ​ការបកស្រាយ​បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង គ្មាន​អ្នកទទួល​៕