​ឃាត់ខ្លួន​លោក​ផ្កាយ​២​ដែល​សម្លាប់​ប្រពន្ធចុង និង​កូនស្រី​អាយុ​៦​ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2014 ក+ ក-

ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២ ឈ្មោះ គឹម ម៉ា​រិ​ន្ថា និង​ជានា​យក​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ GST ត្រូវបាន​កំលាំង​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ រួមសហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន ពីបទ​សម្លាប់​ប្រពន្ធចុង និង​កូនស្រី​បង្កើត​អាយុ ៦ ឆ្នាំ ហើយ​យក​សព​ទៅ​បោះចោល នៅ​ម្តុំ​ជ្រោះ​ពេជ្រនិល​។​

​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​មួយរូប​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ឃាត់ខ្លួន​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២ បានធ្វើ​ឡើង នៅក្នុង​ប្រទេស​ថៃ កាលពី​ម៉ោង​ជិត ២ រសៀល ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៤ ក្រោយ​ពេលដែល ឧ​ត្ត​ម​សេនីយ៍ គឹម ម៉ា​រិ​ន បាន​រត់គេចខ្លួន​បន្ទា​ប់​ពី​ធ្វើ​សកម្មភាព​សម្លាប់​ប្រពន្ធចុង និង​កូនស្រី កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ដឹក ជញ្ជូន GST ផ្ទះ​លេខ ១៣E1 ផ្លូវ​លេខ ១៤២ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ។​

ប្រភព​បន្តថា នៅវេលា​ម៉ោង ១​និង​៥៥​នាទី រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៤ ជនសង្ស័យ​រូបនេះ​ត្រូវ​ដឹក​តាម​រថយន្ត​នាំខ្លួន​មកកាន់​ប្រទេស​កម្ពុជា​តាម​ច្រក​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​
​គួរ​រម្លឹក​ផងដែរ​ថា កងកម្លាំង​ប៉ូលិស​ក្រសួងមហាផ្ទៃ​បាន​ចុះ​ឆែកឆេរ​ក្នុង​ក្រុមហ៊ុន​ឡានក្រុង GST ដឹក​អ្នកដំណើរ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី និង​កុមារី​ម្នាក់​កាលពី​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៤​។ ក្រុមហ៊ុន GST ដឹក​អ្នកដំណើរ​ស្ថិតនៅ​ផ្លូវ​លេខ​៨១ កែង​ផ្លូវ​លេខ​១៤២ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ជិត​ផ្សារ​សូរិយា​-​ផ្សារ​ថ្មី​។​

អំពើ​ឃាតកម្ម​លើ​ស្ត្រី​ជា​ម្តាយ​ឈ្មោះ វ៉ា ដា​រី អាយុ ៣០ ឆ្នាំ និង​កូនស្រី ឈ្មោះ គីម​ថា វិ​ច្ច​ដា អាយុ ៦ ឆ្នាំ បានកើត​ឡើង កាលពីដើមឆ្នាំ​២០១៤ ហើយ​ឃាតក បាន​យក​សព​ទៅ​ប្លុង​ចោល​នៅ​ជ្រោះ​ពេជ្រនិល​។ កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៤ ប៉ូលិស​បាន​ចាប់ខ្លួន​ជនដៃដល់​ម្នាក់ ដែល​ជនសង្ស័យ​ជា​ឃាតក ឈ្មោះ ជា សំណាង អាយុ ៣៤ ឆ្នាំ ជា​កូនប្រសា​រលោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ពីរ​។

តាម​សម្តី​សារភាព​របស់​ជា​សំណាង បាន​បញ្ជាក់ថា ករណី​សម្លាប់​ស្ត្រី​អាយុ ៣០ ឆ្នាំ និង​កូនស្រី​អាយុ ៦ ឆ្នាំ​នោះ មាន​ទាក់ទង​នឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គឹម ម៉ា​រិ​ន្ថា ជា​មន្ត្រី​យោធា​នៅ​ក្រសួងការពារជាតិ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ឡានក្រុង ជី​អេស​ធី GST ដឹក​អ្នកដំណើរ ដែលមាន​ទីតាំង​ក្បែរ​ផ្សារ​សូរិយា​។ តែ​ក្រោយពេល​បែកការណ៍ លោក​ឧ​ត្ត​ម​សេនីយ៍ គីម ម៉ា​រិ​ន្ថា និង​កូនប្រុស​ម្នាក់ទៀត​កំពុង​រត់គេចខ្លួន​។​

ជា សំណាង បន្តថា នៅ​ថ្ងៃកើតហេតុ​ខ្លួន និង​កូនប្រុស​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ទៀត ត្រូវបាន​ឪពុកក្មេក ( គឹម ម៉ា​រិ​ន្ថា ) ប្រើ​ឲ្យ​សែង​ធុង​ក្លាសេ​ទឹកកក​មួយ ចេញពី​ក្នុង​បន្ទប់​របស់ខ្លួន ហើយ​ឲ្យ​ដឹក​តាម​ឡាន យកទៅ​បោះចោល​នៅ​ជ្រោះ​ពេជ្រនិល​។ បុរស​នោះ បាន​បន្ថែមថា ពេលទៅដល់​ជ្រោះ​ពេជ្រនិល ចាក់​សាកសព​នោះ​ទើប​ខ្លួន​ដឹងថា ជា​ស្ត្រី​ម្តាយកូន ដែលជា​ភរិយា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គឹម ម៉ា​រិ​ន្ថា​៕

Untitled-1                                                                     លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គឹម ម៉ា​រិ​ន្ថា​

 

Untitled-1