ថៃ ៖ ប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួនក្នុងគ្រោះថ្នាក់លិចនាវាទេសចរណ៍ក្នុងខេត្ត ភូកេតប្រទេស ថៃ មានរយៈពេល ៤ ថ្ងៃ ចូលរួមដោយកងកម្លាំងមុជទឹកថៃ និង ចិន ដោយបានរកឃើញសាកសពបន្ថែមធ្វើឲ្យចំនួនកើនឡើងដល់ ៤៧ នាក់ ភាគច្រើនគឺ ជាអ្នក ទេសចរជនជាតិ ចិន ។
សាកសពមនុស្សចុងក្រោយត្រូវបាននាំយកចេញពីនាវាកាលពីថ្ងៃពុធម្សិលមិញ ជាប់ក្នុងនាវាដែលលិចក្នុងទឹកជម្រៅជាង ៤០ ម៉ែត្រ ហើយអាកាសធាតុមិនអំណោយផល ដែលមានរលកធំៗ ធ្វើឲ្យប្រតិបត្តិការស្វែងរកកាន់តែ លំបាក ។
លោក វ៉ាង រឹនអ៊ី ប្រធានក្រុមុជទឹកមកពីប្រទេស ចិន និយាយថា បេសកកម្មស្វែងរក និង ជួយសង្គ្រោះនឹងបូមខ្សាច់ក្នុងនាវាដែលលិចក្នុងបាតសមុទ្រជម្រៅ ៤០ ម៉ែត្រ ដើម្បីយកសាកសពមនុស្សម្នាក់ដែលរកឃើញតាំងពីថ្ងៃ សៅរ៍ ប៉ុន្តែមិនអាចយកចេញបាន ។ លោក វ៉ាង រឹនអ៊ី បញ្ជាក់ថា បុគ្គលិកបានត្រៀមនាំយកសាកសពជនរងគ្រោះម្នាក់ដែលជាប់ក្នុងនាវា ក្នុងនោះមានការបូមខ្សាច់ផងដែរ ធ្វើយ៉ាងណាយកសាកសពមនុស្សឲ្យបាន រួចហើយទាញយកនាវាទៅក្បែរឆ្នេរ ។
ចំណែកអភិបាលខេត្ត ភូកេតលោក ណារ៉ាផាត ផ្លូថុង បញ្ជាក់ថា សាកសពមនុស្សដែលរកឃើញឡើងដល់ 47 នាក់ ក្នុងនោះសាកសពមនុស្ស ៥ នាក់ត្រូវបានបូជា និង ពីរនាក់ ត្រូវបានបញ្ជូន ត្រឡប់ទៅប្រទេសចិនតាមសំណើរបស់សាច់ញាតិ ។ អាជ្ញាធរ ថៃ បញ្ជាក់ថា ទូកទាំង ពីរគ្រឿងមានមនុស្ស ១៣០ នាក់ ហើយមនុស្សដែលស្លាប់ និង បាត់ខ្លួនជាអ្នកធ្វើ ដំណើរតាមទូកឈ្មោះ Phoenix ចំណែកទូកមួយគ្រឿងផ្សេងទៀត ដែលលិច ដែរនោះឈ្មោះ Serenata ពុំមានមនុស្សស្លាប់ឡើយ ។
ទូកឈ្មោះ Phoenix មាន ៣ ជាន់ បានលិចក្នុងជម្រៅទឹក ៤២ ម៉ែត្រ ទឹកមានរលកធំៗ ធ្វើឲ្យប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនជួបការលំបាក ហើយទូកក្រឡាប់ ។ ក្រសួងគមនាគមន៍ ចិន បានបញ្ជូនក្រុមជួយសង្គ្រោះ ទៅកាន់ខេត្តភូកេត ដើម្បីជួយដល់ភ្នាក់ងារក្នុងស្រុក បន្តស្វែងរកក្នុងជម្រៅទឹក និងបាន ចូលក្នុងនាវាដែលលិច ។
ប្រតិបត្តិការជួយសង្គ្រោះប្រើប្រាស់ឧទ្ធម្ភាគចក្រ៥គ្រឿង នាវា ១៣ គ្រឿង និងបានពង្រីកទីកន្លែងស្វែងរកកាន់តែធំ ដោយសារមនុស្ស ជាង១០ទៀត នាក់នៅមិនទាន់រកឃើញនៅឡើយ៕