ភ្នំពេញ ៖ នាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម បានបង្ហាញជំនឿថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែមានឱកាសដឹកនាំប្រទេសកម្ពុជា នោះកំណើនសេដ្ឋកិច្ចជាតិ នៅតែមានស្ថិរភាពរឹងមាំជានិច្ច ។
លោកបន្តថា គណបក្សប្រជាជនកម្ពុជា មានធនធានមនុស្ស និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយមានថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាព បទពិសោធន៍ និងចក្ខុវិស័យច្បាស់លាស់ ដើម្បីចងក្រងគោលនយោបាយ និងដាក់ចេញយុទ្ធសាស្ត្ររក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយកិច្ចការនេះ គណបក្សបានធ្វើដោយជោគជ័យ អស់រយៈពេល ២ទស្សវត្សរ៍ មកហើយ ។ លោកជឿថា បើសិនជាគណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំប្រទេស នោះកំណើនសេដ្ឋកិច្ច នៅតែសម្រេចបានក្នុងរង្វង់ ៧% ហើយភាពក្រីក្រនឹងបន្តធ្លាក់ចុះក្រោម ១០% ។
លោកបញ្ជាក់ថា គោលនយោបាយទាំងអស់របស់ គណបក្សប្រជាជន គឺជាចក្ខុវិស័យ និងទិសដៅផែនការសកម្មភាព រយៈពេល ៥ឆ្នាំ ដែលគណបក្សត្រូវអនុវត្តន៍ ដើម្បីលើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ។
គួរបញ្ជាក់ផងដែរថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងរយៈពេលជាង២ទស្សវត្សរ៍កន្លងមកនេះ បានរក្សាក្នុងរង្វង់ប្រមាណ៧ភាគរយក្នុងមួយឆ្នាំ ។
បើតាមការព្យាការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ប្រចាំកម្ពុជា ថា ក្នុងឆ្នាំ ២០១៨នេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងទៀត ក្នុងប្រមាណ៦,៩ភាគរយ ដែលធ្វើអោយទំហំសេដ្ឋកិច្ចជាតិកើនឡើងដល់ ២៤,៥ពាន់លានដុល្លារអាមេរិក និងរំពឹងថាកំណើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់គិតជាមធ្យមចំនួន ១.៥៦៨ដុល្លារអាមេរិក ៕