ព្រះវិហារ ៖ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងជាបេក្ខជនឈរឈ្មោះលំដាប់លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិការទី៦នេះ បានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ អោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលយើងគិតថា មានស្នាដៃក្នុងការខិតខំស្វែងរក នូវសុខសន្តិភាពជូនជាតិមាតុភូមិ ព្រមជាមួយនឹងការអភិវឌ្ឍប្រទេសមានការរីកចម្រើន ដូចពេលបច្ចុប្បន្ននេះ។
ប្រសាសន៍ថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសមាជិក សមាជិកាបក្សប្រមាណជាង១០០០នាក់ នៅទីស្នាក់ការគណបក្សស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។
បន្តពីរបាយការណ៍ស្វាគមន៍របស់លោក ជា គឹមសេង ប្រធានគណៈកម្មាធិការកណ្ដាលគណបក្សស្រុក រួមជាមួយនឹងមតិលើកឡើង របស់លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត នូវរាល់សមិទ្ធិផល ដែលកំពុងរីកដុះដាលដូចផ្សិត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ លោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានថ្លែងបន្តថា ក្នុងសម័យ៣ឆ្នាំ ៨ខែ និង២០ថ្ងៃក្រោមការកាន់អំណាច ដោយរបបពលពត ហេដ្ឋារចនាសម្ព័ន្ធ របស់ជាតិត្រូវបានបំផ្លិចបំផ្លាញអស់ទាំងស្រុង ទាំងសិទ្ធិសេរីភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានគេធ្វើទារុណកម្មបង្អត់អាហារ សម្លាប់យ៉ាងរង្គាល ទាំងអ្នកចេះដឹងក្នុងជួរបញ្ញាវ័ន្ត និងមន្ត្រីរាជការជាដើម។
លោកបន្ថែមថា ដើម្បីស្រោចស្រង់ប្រទេស និងប្រជាជនអោយរួចផុតពីរបបប្រលយ័ពូជសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំតស៊ូរំដោះប្រទេស រហូតទទួលបានជោគជយ័ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២របស់យើងគ្រប់ៗរូប ហើយបើគ្មានថ្ងៃ៧មករាទេនោះ ប្រទេសជាតិយើង ក៏មិនមានការអភិវឌ្ឍរីកចំរើនរហូតមកដល់សព្វថ្ងៃនេះដែរ។
សូមបញ្ជក់ថា បេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ សម្រាប់នីិតិកាលទី៦នេះមានចំនួន៧រូប÷ លេខរៀងទី១-លោក មាស សុភា ០២- លោក សួស យ៉ារ៉ា ០៣-លោក ឡុង សុវណ្ណ ០៤-លោក ណែម វា ០៥-លោក ខូយ ឃុនហ៊ួរ ០៦-លោក យ៉ុង គឹមហ៊ាន និងលេខរៀងទី០៧-លោកស្រី ខូយ ប៊ុនថាន៕