ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋរាប់រយនាក់ក្នុងមួយថ្ងៃៗបាន ជិះតាមគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក និងរថយន្តជាច្រើនគ្រឿង ដែលពេលខ្លះមានសភាពកកស្ទះនៅមាត់ច្រករបៀងចំនួន២តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ គឺច្រករបៀងណងចាន់ និងច្រករបៀងអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នេះ ។
បើតាមការសាកសួរប្រជាពលរដ្ឋភាគច្រើនដែលជាអ្នករស់នៅក្នុងស្រុកជាប់ព្រំដែនដូចជា ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួក និងក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ពួកគាត់ចូលទៅផ្សារណាត់លើទឹកដីថៃ ដើម្បីទិញទំនិញ និងរបស់ប្រើប្រាស់ក្នុងគ្រួសារតែប៉ុណ្ណោះ ហើយថា ការចូលទៅដីថៃនេះ គេបើកឲ្យដំណើការ១សប្តាហ៍ ១ថ្ងៃ គឺរៀងរាល់ថ្ងៃសុក្រតែប៉ុណ្ណោះ។
នៅច្រករបៀងចំនួន២ ខាងលើ គេឃើញមានពលរដ្ឋច្រើនសម្រុកទៅទិញទំនិញនៅដីថៃ ក្នុងស្រុកគោកធ្យូង ខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា។ ដោយឡែកច្រកតំបន់បឹងត្រកួនក្នុងស្រុកថ្មពួក បច្ចុប្បន្ននេះ ក៏គេបើកដំណើរការឲ្យពលរដ្ឋចេញចូលដីថៃ ដើម្បីទិញទំនិញលើដីថៃ (ផ្សារណាត់) ស្ថិតក្នុងស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ១សប្តាហ៍១ថ្ងៃដូចគ្នា ខណៈពីមុនមិនធ្លាប់មាន ។
គួរបញ្ជាក់ថា ២-៣ឆ្នាំចុងក្រោយនេះ ចំនួនពលរដ្ឋឆ្លងព្រំដែនទៅទិញទំនិញប្រើប្រាស់ក្នុងគ្រួសារលើដីថៃតាមស្រុកជាប់ព្រំដែន ពិសេសក្នុងខេត្តស្រះកែវ ហាក់មានការកើនឡើង ប៉ុន្តែការចេញចូលឆ្លងព្រំដែននោះភាគីថៃ បើកដំណើរការក្នុង១សប្តាហ៍ តែ១ថ្ងៃ ឬម្តងតែប៉ុណ្ណោះ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបន្ទាត់ព្រំដែន ហើយនៅឆ្ងាយពីផ្សារក្នុងស្រុក មានភាពងាយស្រួលតែម្តង។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ហើយបានរិះគន់ទៅលើអាជ្ញាធរកម្ពុជា ថា ហេតុអ្វីក៏រដ្ឋបាល ស្រុក ខេត្ត មិនយកចិត្តទុកដាក់ក្នុងរឿងនេះ ដោយរៀបចំធ្វើដូចភាគីថៃ ព្រោះថាបើសិនជាមានផ្សារណាត់ក្នុងស្រុក មិនថាតែពលរដ្ឋខ្មែរប៉ុណ្ណោះទេដែលចូលផ្សារនេះ ពលរដ្ឋថៃក៏អាចឆ្លងចូលមកទិញទំនិញដូចគ្នាដែរ៕