ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានបង្ហាញពីសុទិដ្ឋិនិយមថា កម្ពុជានៅតែទទួលបានគម្រោងអនុគ្រោះពន្ធពីសហភាពអឺរ៉ុបបន្តទៀត ដើម្បីជួយពង្រឹងជីវភាពប្រជាពលរដ្ឋប្រមាណ៣លាននាក់ឱ្យមានចីរភាព និងបានអះអាងថា កម្ពុជាអនុវត្តបានច្រើនតាមគោលការណ៍នៃកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបនាពេលកន្លងមកផងដែរ។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃទី១៣កក្កដា នេះ។
ការថ្លែងនេះ បានធ្វើឡើងនៅបន្ទាប់ពីគណៈប្រតិភូបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុប កំពុងចាប់ផ្ដើមធ្វើការវាយតម្លៃស្ថានភាពពិតប្រាកដ ក្រោយបិទបញ្ចប់បេសកកម្មរយៈពេល ៧ថ្ងៃ របស់ខ្លួននៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ កក្កដា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងដំណើរវិវឌ្ឍវិស័យសិទ្ធិមនុស្ស និងវិស័យការងារដ៏គួរឲ្យព្រួយបារម្ភនៅកម្ពុជានារយៈពេលចុងក្រោយនេះ ដោយប្រកាសពីការចាប់ផ្តើមវាយតម្លៃព័ត៌មានលម្អិតពីស្ថានភាពនៅកម្ពុជា។
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប អ្នកស្រី Cecilia Malmstrom ថ្លែងថា គោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប គឺផ្ដោតលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន យុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងបទដ្ឋានការងារ ជាដើម។ អ្នកស្រីថា ក្រោយពីបិទបញ្ចប់បេសកកម្មស្វែងរកការពិតនេះ គណៈប្រតិភូនេះ នឹងចាប់ផ្ដើមធ្វើការវាយតម្លៃព័ត៌មានលម្អិត ហើយពិចារណាជំហានបន្ទាប់ដែលត្រូវធ្វើ។ អ្នកស្រីព្រមានថា វិធានការចុងក្រោយ គឺសហភាពអឺរ៉ុបនឹងធ្វើការលុបចោលការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា EBA ចោលតែម្ដង ប្រសិនបើរាល់កិច្ចប្រឹងប្រែងទាំងអស់ដទៃទៀតរបស់សហភាពអឺរ៉ុប ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅ នៅតែមិនទទួលបានដំណោះស្រាយណាមួយនោះ។
ចំណុចសំខាន់នៃសេចក្តីប្រកាសព័ត៌មាននេះ គឺ ៖ «បន្ទាប់ពីបេសកកម្មស្វែងរកការណ៍ពិតនេះ យើងនឹងវិភាគការពិតដោយលម្អិតនិងពិចារណាពីវិធានការបន្ទាប់ទៀត។ ការដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធនេះ គឺជាជម្រើសចុងក្រោយ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងរបស់យើងបានបរាជ័យ ដើម្បីដោះស្រាយការព្រួយបារម្ភទាំងនេះ»។
សូមរំលឹកថា កិច្ចព្រមព្រៀងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប បានអនុញ្ញាតឱ្យកម្ពុជា នាំចូលដោយរួចពន្ធទៅសហភាពអឺរ៉ុប ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍។ កិច្ចព្រមព្រៀងនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ក្នុងការនាំចេញផលិតផលពីកម្ពុជាទៅអឺរ៉ុបដោយមិនយកពន្ធ។ដូច្នេះ ប្រសិនបើសហភាពអឺរ៉ុប លុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះមែន នឹងធ្វើឱ្យកម្ពុជា ខាតបង់ជាង ៦០០លានដុល្លារ។ នេះបើតាមការអះអាងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០១៧៕