កីឡា ៖ អ្នកប្រដាល់សកលជនជាតិហ្វីលីពីន លោក មែនី ប៉ាកគីអៅ បានថ្លឹងទម្ងន់កាលពីថ្ងៃសៅរ៍ទី១៤ ខែកក្កដា នេះ រួចរាល់ហើយ ក្រោមទម្ងន់កំណត់ត្រឹម ៦៧ គីឡូក្រាម។ ក្នុងឱកាសថ្លឹងវាស់ទម្ងន់នេះ លោកបាននិយាយថា បានត្រៀមខ្លួនរួចរាល់ដើម្បីដណ្តើមយកខ្សែក្រវាត់ទម្ងន់មធ្យមពីម្ចាស់ខ្សែក្រវាត់ WBA ពីលោក លូកាស ម៉ាត់ធីស សេ មកពីប្រទេសអាហ្សង់ទីន នៅលើសង្វៀននាតីក្រុងកូឡាឡំពួរ សិង្ហបូរី។
គួរជម្រាបថា ប៉ាកគីអៅ ដែលជាអ្នកប្រដាល់តែម្នាក់គត់ឈ្នះខ្សែក្រវាត់ពិភពលោកក្នុងប្រភេទទម្ងន់ផ្សេងគ្នាចំនួន ៨ស្ថាប័ន ជោគជ័យក្នុងអាជីពកីឡា ២៣ឆ្នាំរបស់ខ្លួន គឺមានទម្ងន់ ៦៦,២ គីឡូក្រាម។
ចំណែក អ្នកប្រដាល់សាក់ពេញខ្លួន ម៉ាត់ធីស សេ ទម្ងន់៦៦,៥គីឡូក្រាម នៅក្នុងជំនួបជាមួយស្តេចប្រដាល់របស់ហ្វីលីពីន បានយកប្រៀបឈ្នះកម្ពស់ខ្ពស់ជាង១អ៊ីញ ដោយសំឡឹងមើល ប៉ាកគីអៅ ពីលើចុះក្រោម ខណៈដែលអ្នកទាំង២ឈរទល់មុខគ្នាជាលើកចុងក្រោយ មុនពេលការប្រកួត១២ទឹក ដែលនឹមកដល់នៅវេលាម៉ោង១២ថ្ងៃត្រង់ ម៉ោងនៅកម្ពុជា នាថ្ងៃអាទិត្យទី១៥ ខែកក្កដា នេះ ក្នុងទីក្រុងគូឡាឡាំពួ។
អ្នកនិយមវិស័យកីឡាប្រដាល់នៅទូទាំងពិភពលោក ពិសេសនៅកម្ពុជា បាន និងកំពុង ត្រៀមខ្លួនរួចជាស្រេចដើម្បីចាំទស្សនាការប្រកួតនេះយ៉ាងតក់ក្រហល់។ យ៉ាងណាក៏ដោយ អ្នកនិយមយកការប្រដាល់ជាល្បែងភ្នាល់ ក៏មិនទាន់ប្រាកដថា ចាប់ខាងណា ចោលខាងណានោះទេ ខណៈដែលជើងខ្លាំងទាំងពីររូប សុទ្ធតែជាអ្នកប្រដាល់មានកម្រិតបច្ចេកទេសខ្ពស់ប្រហែលគ្នា៕