ភ្នំពេញ ៖ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ រសៀលថ្ងៃទី១៥ ខែកក្កដា នេះថា ការដកខ្លួនរបស់គណបក្សនយោបាយណាមួយចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខេកក្កដា ខាងមុខនេះ គឺមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនោះទេ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីមានការថ្លែងរបស់គណបក្សនយោបាយដែលប៉ុនប៉ុងដក គណបក្សនយោបាយរបស់ខ្លួនចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ ។
សូមជម្រាបថា លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយមូលដ្ឋាន បានព្រមានថា គណបក្សនេះ នឹងដកខ្លួនចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ប្រសិនបើអាជ្ញាធរមូលដ្ឋាន មិនសហការជាមួយគណបក្ស ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះទេនោះ។ លោកបានចោទថា អាជ្ញាធរ មិនបានជួយសម្របសម្រួលក្បួនឃោសនា របស់គណបក្ស កាលពីថ្ងៃទី១០ កក្កដា នៅរាជធានីភ្នំពេញ និងមានការគំរាមកំហែង ទៅដល់សកម្មជនដែលចែកខិត្តបណ្ណគណបក្សនៅខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី។
យ៉ាងនាក៏ដោយ លោក ហង្ស ពុទ្ធា បានបញ្ចាក់ថា បើសិនជាមានគណបក្សណាមួយ ដកខ្លួន និងមានលិខិតជាលាយលក្ខអក្សរផ្លូវការនោះ គ.ជ.ប ត្រូវធ្វើការប្រកាសជាសាធារណៈទៅដល់ប្រជាពលរដ្ឋនៅក្នុងមណ្ឌលបោះឆ្នោតដែលគណបក្សនោះបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។ ប៉ុន្តែលោកថា មកដល់ពេលនេះ មិនទាន់ឃើញមានគណបក្សនយោបាយណាមួយ ដាក់លិខិតអំពីការដកខ្លួន ជាលាយលក្ខអក្សរនៅឡើយទេ៕
( រូបភាព ៖ លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយមូលដ្ឋាន)