ភ្នំពេញ ៖ បន្ទាប់ពីធ្វើការពិសោធន៏ទៅលើមនុស្សទាំង១២ នាក់ គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា ទឹកខ្មៅជ្រលក់ម្រាមដៃ ដែលនាំមកពីប្រទេសឥណ្ឌា សម្រាប់បំរើអោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ពិតជាមានគុណភាពល្អគួរឲ្យទុលកចិត្តបាន។
ដូចការគ្រោងទុកនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានរៀចំនៅកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ឋស្តីពីដំណើការប្រព្រឹត្តទៅ នៃការបោះឆ្នោត និងការបង្ហាញទឹកខ្មៅជ្រលក់ម្រាបដៃ ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ,ក្រសួងពាក់ព័ន្ឋនានា,តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ,តំណាងស្ថានទូតជប៉ុន,ជំនាញអង្គការចាយការ និងជំនាញការកូរ៉េ ប្រចាំនៅគ.ជ.ប ព្រមទាំងអ្នកសារព័ត៏មានជាតិ និងអន្តរជាតិជាច្រើនទៀត។
លោក ហែល សារ៉ាត់ សមាជិក គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងជាប្រធានដឹកនាំអង្គប្រជុំនេះ បានថ្លែងបញ្ជាក់ថា៖ បន្ទាប់ពីពិនិត្យ និងបានធ្វើការពិសោធន៍ ទៅលើមនុស្សចំនួន១២នាក់ ទាក់ទិនទៅនឹងទឹកខ្មៅជ្រលក់ម្រាមដៃ ដែលផលិតមកពីប្រទេសឥណ្ឌា សំរាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នាថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឃើញថា មានគុណភាពល្អខ្លាំងណាស់ ហើយបើប្រៀបធៀបទៅ នឹងទឹកថ្នាំកាលពីបោះឆ្នោតឃុំ សង្កាត់ នៅអាណត្តិទី៤ គឺវាមានគុណភាពដូចគ្នា។
លោក ហ៊ែល សារ៉ាត់ បន្តថា៖ យើងបានសាកល្បងរួចហើយ គឺដូចកាលពីការសាកល្បងនៃបោះឆ្នោតឃុំ-សង្កាត់ដែរ គឺបានធានាថា គុណភាពទឹកខ្មៅជ្រលក់ម្រាមដៃនេះល្អណាស់ ហើយសូមជម្រាបបន្ថែមថា បើយើងនៅខាងក្រៅកន្លែងបោះឆ្នោត គឺទឹកថ្នាំនេះរក្សាបាននូវគុណភាពដូចគ្នា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អញ្ជឹងដែរ។ក្នុងនោះដែរ ឯកឧត្តម ហ៊ែល សារ៉ាត់ ក៏បានបញ្ជាក់ផងដែរថា៖ មកដល់ពេលនេះ ទឹកខ្មៅជ្រលក់ដៃ និងសម្ភារដែលបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨នេះ ខាង គ.ជ.ប បានដឹកជញ្ជូនទៅតាមបណ្តាលខេត្តមួយចំនួនបណ្តើរៗផងដែរ។
សូមបញ្ជាក់ថា៖ គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃមានចំនួន៥១.០០០ដប ពីប្រទេសឥណ្ឌា ដោយប្រើប្រាស់ថវិកាប្រមាណ៨០ម៉ឺនដុល្លារ ហើយត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ហើយ ទឹកខ្មៅទាំងនេះ គឺសម្រាប់ប្រើនៅតាមការិយាល័យបោះឆ្នោត ជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ដោយក្នុង១ការិយាល័យ តម្រូវឱ្យប្រើទឹកខ្មៅចំនួន២ដប៕