បន្ទាយមានជ័យ៖ កាលវេលាម៉ោង ៥ ល្ងាចពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ កន្លងមកនេះ ពលករខ្មែរម្នាក់ ត្រូវបានមេការម៉ៅការសំណង់ជនជាតិថៃបាញ់ ៦គ្រាប់ស្លាប់ នៅនឹងកន្លែងកើតហេតុក្នុងខេត្តឆាត់ឆឺងសៅ ប្រទេសថៃ។
ក្រុមគ្រួសារ បាននិយាយថា ជនរងគ្រោះមានឈ្មោះផាត សុខអ៊ឹង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ/ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្ត កំពង់ឆ្នាំង បានទៅធ្វើការងារសំណង់ នៅភូមិណងឡត ឃុំបានសុង ស្រុកភ្នំសារៈខាម ខេត្តឆាត់ឆឺងសៅ ប្រទេសថៃ ត្រូវបានមេការសំណង់ថៃ បាញ់ចំនួន ៦គ្រាប់ រហូតស្លាប់ខ្លួន នៅកន្លែងកើតហេតុ ខណៈជនរងគ្រោះមានការប្រកែកគ្នាបនិ្តចបន្តូច ជាមួយជនជាតិភូមាម្នាក់។
សពរងគ្រោះខាងលើនោះ ត្រូវបានបញ្ជូនមក តាមច្រករបៀងអូរបីជាន់ ភូមិឃុំអូបីជាន់ ស្រុកអូរជ្រៅ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ហើយបានបូជានៅវត្តអូបីជាន់តែម្តង។
បុរសម្នាក់ជាសាច់ញាតិរបស់ក្រុមគ្រួសារជនរងគ្រោះឈ្មោះ ប៉ែន សុផល បានដាក់ពាក្យបណ្តឹង ទៅប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ និងអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីជួយរកយុត្តិធម៌ ឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះ ត្រូវបានជនជាតិថៃ បាញ់ស្លាប់ ដោយគ្មានកំហុស។
ប្រធានការិយាល័ទំនាក់ទំនងព្រំដែនកម្ពុជា- ថៃ បានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងនេះភ្លាម លោកបានទំនាក់ទំនងទៅសមត្ថកិច្ចថៃ ដើម្បីជួយស្រាវជ្រាវវែកមុខរកជនល្មើសផ្តន្ទាទោស ៕