ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ប្រទះឃើញសង្ស័យជាចោរឆក់ ក៏បានជិះម៉ូតូប្រដេញរហូតមានការផ្ទុះអាវុធបណ្តាលឲ្យជនសង្ស័យម្នាក់ត្រូវរបួសដៃ និងរត់ទៅក្នុងបឹងកំភ្លោក រួចក៏តាមចាប់ខ្លួនបានទាំងពីរនាក់ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចពេញខណ្ឌសែនសុខ កាលពីវេលាម៉ោង១០ យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងត្បូងវត្តឃ្មួញប្រមាណ៥០ម៉ែត្រ តាមបណ្តោយហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ដែលជាអ្នកបើកម៉ូតូមានឈ្មោះ ហេង ដាវិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី២ដែលជាអ្នកអង្គុយក្រោយមានឈ្មោះ សេន ឡេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មីបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គឺមានគេរាយការណ៍តាមវិទ្យុទាក់ទងថាមានជនសង្ស័យពីរនាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងបានធ្វើការសកម្មភាពឆក់កាបូប នៅខាងមុខផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកបានសម្រេច ហើយក្រុមជនសង្ស័យបានជិះរត់គេចខ្លួនឆ្ពោះឡើងទៅផ្លូវ៥៩៨ ។
បន្ទាប់ពីបានដំណឹងពីវិទ្យុទាក់ទងរួចមកកម្លាំងពួកគាត់ក៏បានជិះល្បាតក្នុងមូលដ្ឋានក្រែងជួប ក្រុមជនសង្ស័យនោះ ជិះម៉ូតូគេចខ្លួនចូលមកក្នុងភូមិសាស្ត្ររបស់គាត់។ ខណៈ ពេលដែលជិះល្បាតមកដល់ចំណុចផ្លូវ៥៩៨កែងនិងផ្លូវ១៩៨៦ ដែលជាភូមិសាស្ត្ររបស់ពួកគាត់ ស្រាប់តែប្រទះឃើញជនសង្ស័យទាំងពីរអ្នកខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1J-8936 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ដែលជាភិនភាគគេរាយការណ៍មកប្រាប់ ។ ដោយមានការសង្ស័យទៅលើជនសង្ស័យទាំងពីរនាក់នោះ កម្លាំងពួកគាត់ក៏បំរុងនិងធ្វើការស្ទាក់ឃាត់ដើម្បីឆែកឆេរនិងសួរនាំ តែពេលដែលជនសង្ស័យឃើញកម្លាំងសមត្ថកិច្ចក៏បានបន្ថែមល្បឿនជិះរត់គេចខ្លួន ហើយសមត្ថកិច្ចក៏ធ្វើការជិះប្រដេញតាមពីក្រោយ។
បន្ទាប់មកពេលដែលកំពុងធ្វើការជិះប្រដេញតាមផ្លូវ ជនសង្ស័យទាំងពីរនាក់ខាងលើនោះក៏បានធាក់ទៅលើម៉ូតូរបស់សមត្ថកិច្ចបណ្តាលឲ្យផ្ទុះអាវុធបាញ់មួយគ្រាប់ចំជនសង្ស័យទី២ ដែលអង្គុយពីក្រោយរងរបួសចំដៃខាងស្តាំ។ ភ្លាមៗនោះដែលជនសង្ស័យមិនបានឈប់ម៉ូតូនោះទេ គឺនៅតែបន្តដំណើរទៅមុខទៀត រហូតមកដល់ចំណុចទីតាំងខាងលើ ជនសង្ស័យទាំងពីរនាក់ក៏បានផ្តួលម៉ូតូ ហើយសមត្ថកិច្ចក៏ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទី១ដែលជាអ្នកបើកម៉ូតូបានភ្លាមៗ។
ចំណែកឯជនសង្ស័យអង្គុយខាងក្រោយដែលរងរបួសដៃខាងស្តាំបានងើបរត់ទៅលោតចូលប្រឡាយទឹកស្អុយដែលមានដើមកំផ្លោកដុះទ្រប់ពេញនិងដើមឈូក នៅក្បែរនោះលេចបាត់ស្រមោល ដោយបន្សល់ទុកដានឈាមរបស់ជនសង្ស័យស្រក់ជាប់និងដើមកំផ្លោក។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចក៏បានធ្វើការនាំគ្នារុករកជនសង្ស័យដែល លោតទឹកប្រឡាយខាងលើអស់រយៈពេលមួយម៉ោងទើបជនសង្ស័យខាងលើព្រមងើបចេញពីទឹក រួចក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។
ក្រោយពេលកើតហេតុជនសង្ស័យទាំងពីរនាក់ខាងលើរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធីនៅពេលក្រោយ ៕