ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបញ្ជាក់លម្អិតជុំវិញការចាប់ខ្លួនលោក សន សំនៀង និងជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ”យមរាជ លោកីយ៍” ដែលសមត្ថកិច្ចបានចាត់ទុកថា បានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងក្នុងសន្និសីទថា ការរៀបចំសន្និសីទសារព័ត៌មាននាពេលនេះ ដើម្បីបញ្ចប់នូវមន្ទិលសង្ស័យនានា ក៏ដូចជាយល់ច្រលំមួយចំនួនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយចំនួន ទាក់ទងនឹងការចាប់ខ្លួនអតីតនាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំម្នាក់គឺឈ្មោះសន សំនៀង។
លោកឧត្តមសេនីយ៍ត្រី បានឲ្យដឹងបន្ត ថា កន្លងមកនេះបុគ្គលឈ្មោះសន សំនៀង បានប្រព្រឹត្ដបទល្មើសធំៗចំនួន៦លើកដូចជា៖ករណីពាក់ព័ន្ធនឹងគ្រឿងញៀន,បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង,បាញ់បោះសេរី,ប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់,និងឃាត់រថយន្តដឹកឈើគ្រញ៉ូង ដើម្បីជំរិតទារប្រាក់ជាដើម។ ហើយដោយសារតែមានបទល្មើសច្រើនដូច្នេះហើយទើបលោក សន សំនៀង ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌកងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧។
ទាក់ទងនឹងការឃាត់ខ្លួនលោកសន សំនៀង និងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា”យមរាជ លោកីយ៍”ដោយសារបុគ្គលនេះ ឡាយនូវព័ត៌មានមិនពិតចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងការខិតខំបំពេញភារកិច្ចការងាររបស់កងរាជអាវុធហត្ថជាបន្តបន្ទាប់។
នេះបើតាមការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ត្រីអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកបានបញ្ជាក់ទៀត ថា កងរាជអាវុធហត្ថបានតាមដានករណីនេះជាយូរមកហើយ ប៉ុន្ដែដោយសារមានការយោគយល់ និងអធ្យាស្រ័យពីឯកឧត្ដមនាយឧត្ដមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបមិនទាន់មានវិធានការលើលោកសន សំនៀង នាពេលកន្លងមក។ តែដោយសារបុគ្គលនេះមិនព្រមកែខ្លួន ហើយនូវប្រព្រឹត្ដកំហុសជាបន្តបន្ទាប់ទៀតនោះ ក៏ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ធំ និងមានការដឹកនាំសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ។
សូមជម្រាបថា កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ម្សិលមិញនេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោកវង្ស សេរី បានចេញដីការបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទឈ្មោះសន សំនៀង ដែលជាម្ចាស់គណនីហ្វេសប៊ុក”យមរាជ លោកីយ៍”ពាក់ព័ន្ធការបង្ហោះព័ត៌មាន ប៉ះពាល់ដល់កិត្តិយសកងកម្លាំងរាជអាវុធហត្ថ។
នៅក្នុងដីកានេះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានចោទប្រកាន់ជននេះពីបទបរិហាកេរ្តិ៍ជាសាធារណៈ តាមបណ្តាញសង្គមហ្វេសប៊ុក និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបានប្រព្រឹត្តនៅចំណុចស្រុកបារាយណ៍ខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៣០៥ និងមាត្រា៤៩៥៕