ក្រសួងមហាផ្ទៃ​ប្រគល់​ម៉ូតូ​១.៦៤៦​គ្រឿង​ឲ្យ​ប៉ុស្តិ៍នគរបាល​ទូទាំង​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2018 ក+ ក-

​ភ្នំពេញ ៖ ទោចក្រយានយន្ត (​ម៉ូតូ​) ចំនួន ១.៦៤៦​គ្រឿង ម៉ាក SUZUKI Smash 113cc ផលិត​ឆ្នាំ​២០១៨ ត្រូវបាន​ក្រសួងមហាផ្ទៃ​ប្រគល់ជូន​ដល់​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ទូទាំងប្រទេស ដើម្បី​បម្រើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ក្នុង​មូលដ្ឋាន​របស់ខ្លួន នា​ព្រឹក​ថ្ងៃទី​១៨ កក្កដា ឆ្នាំ​២០១៨​នេះ​។​
​ថ្លែង​នៅក្នុង​ពិធី​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី​ក្រសួងមហាផ្ទៃ បាន​លើកទឹកចិត្ត​ឲ្យ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល ត្រូវខិតខំ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ កាន់តែ​ទទួលបាន​នូវ​ភាពកក់ក្ដៅ និង​សន្តិសុខ​សុវត្ថិភាព ព្រមទាំង​ទទួលបាន​នូវ​សេវា​ចាំបាច់​នានា ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធិភាព​។​

សម្ដេច​ក្រឡាហោម​ក៏បាន​បញ្ជាក់ថា អ្នកខ្លះ ដើរ​ធ្វើ​សកម្មភាព​អុកឡុក បង្ក​អសន្តិសុខ ក្នុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជូន​អី​ក៏​វា​ធ្វើ​ឲ្យ​បរិយាកាស​វា​មិនល្អ​ដែរ អញ្ចឹង សូម​ចាប់ពីពេលនេះ ទៅដល់​ថ្ងៃទី​២៩ ខែកក្កដា នោះ គឺជា​រយៈពេល​មាន​សារៈសំខាន់ ជា​គន្លឹះ​ដែល​យើង​ខិតខំ​ទាំងអស់គ្នា ដើម្បី​ការពារ​បរិយាកាស​នេះ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង ។​សម្ដេច​គូសបញ្ជាក់ថា ចំពោះ​ដំណាក់កាល ពីនេះ​ទៅដល់​បោះឆ្នោត ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ខ្ជាប់ខ្ជួន​តាម​អនុសាសន៍​ទាំង ១៤ ដែល​បាន​ផ្ដល់ជូន​នៅពេល​សន្និបាត​នគរបាល​លើក​ទី​២ កាលពី​ថ្ងៃទី​១៣ ធ្នូ ២០១៧​កន្លង​ទៅនោះ ជាពិសេស​ទាក់ទង និង​ការយកចិត្តទុកដាក់ លើ​កិច្ចការពារ​ដំណើរការ​បោះឆ្នោត ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព មាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មាន​ការគំរាមកំហែង និង​គ្មាន​អំពើហិង្សា​” ។​

​ក្នុង​ឪ​កាស​នោះដែរ​ស​មេ្ត​ច​ក្រឡាហោម ស ខេង ក៏បាន​ធ្វើ​អំពាវនាវ​ឲ្យ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស បន្ត​ការពារ និង​ជួយ​សម្រួល​ដល់​បក្សនយោបាយ ពេល​ហែ​ក្បួន​ឃោសនា ជាពិសេស​ត្រូវ​ធានា​សន្តិសុខ ក្នុងពេល​បោះឆ្នោត នា​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាងមុខ​។​សម្ដេច​បាន​បន្តថា នគរបាល​មាន​តួនាទី​ភារកិច្ច ការពារ​ប្រជាពលរដ្ឋ​ទាំងអស់ មិនមែន​ការពារ​តែ​ក្រុម​ណាមួយ​នោះទេ គឺ​ការពារ​ប្រជាពលរដ្ឋ ទូទៅ​ដោយ​មិន​រើសអើង ។​ក្នុងនោះ មេឃុំ ចៅសង្កាត់ ក៏មាន​តួនាទី បម្រើ​ប្រជាពលរដ្ឋនៅក្នុង ដែន​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​ធានា​សន្តិសុខ និង​ធានា​ដល់​ជីវភាព រស់នៅ​របស់​ពួកគាត់​ដែរ​។​

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​ក្រសួងមហាផ្ទៃ​ធ្វើការ​ប្រគល់ ទោចក្រយានយន្ត (​ម៉ូតូ​) ជូន​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល នៅ​ទូទាំងប្រទេស ដោយ​ក្នុង​១​លើកៗ គឺ​ផ្តល់ជូន​ម៉ូតូ​ចំនួន​១៦៤៦ គ្រឿង​៕