ភ្នំពេញ ៖ តំបន់មួយចំនួនក្នុងខេត្តចំនួន៥ របស់ប្រទេសកម្ពុជា គឺខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និងខេត្តបាត់ដំបង កំពុងរងការគមរាមកំហែងដោយជំនន់ទឹកភ្លៀង ហើយបង្កឲ្យមានផលប៉ះពាល់គួរឲ្យកត់សម្គាល់។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងចំនួនដែលប្រឈមខ្លាំងជាងគេ គឺកោះកុង ស្រុកចំនួន៤ នៃខេត្តជាប់មាត់សមុទ្រមួយនេះ រួមមាន ស្រុកថ្មបាំង ស្រុកកោះកុង ស្រុកស្រែអំបិល និងស្រុកមណ្ឌលសីមា ត្រូវជំនន់ទឹកភ្លៀងជន់លិច ខ្លាំងអស់រយៈពេលជាង៣ថ្ងៃមកហើយ។ ក្នុងនោះប្រជាពលរដ្ឋាជាង៣០០គ្រួសារ នៅក្នុងស្រុកទាំងនេះ ត្រូវបានជន្លៀស ទៅកាន់ទីទួលសុវត្ថិភាព។
លោក កែវ វី នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ដូចគ្នាដែរ នៅខេត្តកំពង់ស្ពឺ នៅមិនទាន់មានផលប៉ះពាល់ខ្លាំងនៅឡើយ ខណៈខេត្តមួយនេះ មានទំនប់ និងទ្វារទឹកជាច្រើន ដើម្បីដោះស្រាយបញ្ហាទឹក ហើយពេលនេះទើបតែបើកទ្វារទឹកចំនួន ២ប៉ុណ្ណោះ។
ទោះយ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បញ្ជាក់ថា មកទល់ពេលនេះ នៅមិនទាន់មានរបាយការណ៍រួមជាក់លាក់ ស្តីពីទំហំនៃការខូចខាត ដែលបណ្តាលមកពីជំនន់ទឹកភ្លៀងនៅឡើយទេ៕