មនុស្ស៣នាក់ស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាគចក្រស៊ីវិល ប្រទេសថៃ
ថៃ ៖ ឧទ្ធម្ភាគចក្រស៊ីវិល មួយគ្រឿង បានធ្លាក់លើវាលស្រែ ដោយបានសម្លាប់មនុស្ស៣ នាក់នៅលើយន្តហោះនៅប៉ែកឥសានប្រទេសថៃនៅថ្ងៃពុធនេះ។ យោងតាមនាយកព្រលានយន្តហោះខុនកេន បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ AS355 បាន ធ្លាក់មកលើដីវាលស្រែ ក្នុងស្រុកចុនណាបុត នៃខេត្តខុនកេន មានចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រ ប៉ែកឥសានទីក្រុងបាងកក ដោយបានសម្លាប់មនុស្ស៣នាក់ មិនទាន់ ស្គាល់អត្តសញ្ញាណ។ ឧទ្ធម្ភាគចក្រព័រណ៌ស ជួបឧបត្តិហេតុ ត្រូវបានឆាបឆេះភ្លាមៗ បន្ទាប់ពីធ្លាក់នៅវាលស្រែ។
នាយកព្រលានយន្តហោះនិយាយថា ក្នុងស្ថានភាពមើល មិន ឃើញ និងមានភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេជឿថា ជាមូលហេតុ នៃការធ្លាក់ឧទ្ធម្ភាគចក្រ បណ្តាលឲ្យមានមនុស្សស្លាប់។ អាជ្ញាធរកំពុងបើកប្រតិបត្តិការស៊ើបអង្កេត ពីមូលហេតុ ច្បាស់លាស់ នៃការធ្លាក់នេះ៕