កំពង់ស្ពឺ ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញបន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងស្ថិតនៅឃុំព្រៃរំដួលនិងឃុំតាំងខ្យាស្រុកភ្នំស្រួចដែលមានកម្ពស់ទឹកជន់លិចកើនឡើងរហូតកម្ពស់១ម៉ែត្រ ។
លោក វ៉ី សំណាង បានអោយកម្លាំងមានសមត្ថកិច្ច អាជ្ញាស្រុក ត្រូវត្រៀម និងយកចិត្តទុកដាក់លើមុខសញ្ញា ដែលងាយរងគ្រោះដូចជា៖ កុមារតូចៗ, ចាស់ជរា, ជនពិការជាដើម ក្នុងការត្រៀមបម្រុងរកទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក វ៉ី សំណាង បានប្រាប់ប្រជាពលរដ្ឋថាអាជ្ញាធរខេត្ត អាជ្ញាធរស្រុក ឃុំ សង្កាត់ បាននិងកំពុងយកចិត្តទុកដាក់បំផុតចំពោះសុវត្ថិភាពរបស់បងប្អូន ហើយក៏បានត្រៀមវិធានការដោះស្រាយ ទប់ស្កាត់ ចំពោះគ្រោះធម្មជាតិមួយនេះហើយ ដើម្បីដោះស្រាយអោយបានទាន់ពេលវេលា ។
ជាមួយគ្នានេះដែលឯកឧត្តម ក៏បានផ្តាំផ្ញើ ដល់បងប្អូនត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ និងប្រយ័ត្នចំពោះពពួកសត្វមានពិសជាដើម។
លោកបានបញ្ជាក់ថាថ្មីៗនេះដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងស្រុកភ្នំស្រួចទាំងមូលដែលជាហេតុបង្កអោយមានទឹកជំនន់ ក្នុងឃុំចំនួន០៧ ក្នុងស្រុកភ្នំស្រួច (ឃុំ ក្រាំងដីវ៉ាយ ត្រែងត្រយឹង តាំងស្យា តាំងសំរោង ដំបូករូង ព្រៃរំដួលនិង ឃុំចំបក់) ស្មើនឹង២៣ភូមិ ក្នុងនោះបណ្តាលអោយលិចដល់ផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន០៨ ភូមិ និងបណ្តាលអោយមានផលប៉ះពាល់ដូចខាងក្រោម៖
– លិចដំណាំស្រូវសរុបចំនួន ៤៩០,៥ ហិកតា
– ចំការស្វាយសរុបចំនួន ២៥២ ហិចតា
– ដំណាំរួមផ្សំសរុបចំនួន១៥ហិចតា
– ច្រោះផ្លូវសរុបចំនួន ១៤កន្លែង ស្មើនឹង១៣៣៥ម៉ែត្រ
– ដាច់ផ្លូវចំនួន១៣ កន្លែង ស្មើនឹង៧០ ម៉ែត្រ
– បាត់សត្វគោរបស់ប្រជាពលរដ្ឋចំនួន០៧ ក្បាលមិនទាន់រកឃើញនោះទេ៕