ជំនន់​ទឹកភ្លៀង​ជន់​លិច​ភូមិ​ជាច្រើន​នៅ​ស្រុក​ភ្នំស្រួច ពលរដ្ឋច្រើន​រយ​នាក់​ត្រូវបាន​ជម្លៀស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 July, 2018 ក+ ក-

​ភ្នំពេញ ៖ ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​បាន​បណ្តាល​ឲ្យ​ភូមិ​ជាច្រើន​ក្នុងស្រុក​ភ្នំស្រួច​ ​ខេត្តកំពង់ស្ពឺ ទទួលរង​ការ​ជន់​លិច និង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ត្រូវបាន​ជម្លៀស​ទៅ រក​ទីទួល​សុវត្ថិភាព​។

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចុះ​ពិនិត្យមើល​សភាពការណ៍​គ្រោះ​ទឹក​
​ជំនន់ នា​ព្រឹក​ថ្ងៃទី​១៩ កក្កដា​នេះ ទេសរដ្ឋមន្ត្រី អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ ជាតិ​គ្រប់ គ្រង​គ្រោះមហន្តរាយ ឯកឧត្តម​បណ្ឌិត ញឹម វណ្ណដា បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​យកចិត្ត ទុកដាក់​ខ្ពស់បំផុត​ក្នុង​ការផ្តល់​សុវត្ថិភាព​ជូន​ពលរដ្ឋ​។​

បើតាម​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៨ ខែកក្កដា ម្សិលមិញ ជំនន់​ទឹក ភ្លៀង​បាន​ជន់​លិច​ភូមិ​ចំនួន​២៦ ក្នុង​ឃុំ​ចំនួន​៨ នៃ​ស្រុក​ភ្នំស្រួច ហើយ​ប្រជាពលរដ្ឋ​ចំនួន ២៣០ គ្រួសារ ស្មើនឹង ៦៨៩​នាក់ (​ស្រី ៣១៦​នាក់​) ត្រូវបាន​ជម្លៀស​ទៅរក​ទីទួល​សុវត្ថិភាព​។ អាជ្ញាធរ​តំបន់​បាន​បន្ថែមថា គ្រោះធម្មជាតិ​មួយ​នេះ​ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់ និង​ខូចខាត​ផ្លូវ​ក្រាល កៅស៊ូ​ប្រវែង ៣៥០​ម៉ែត្រ លិចលង់​ស្រូវ ១១៥៧​ហិកតា ដំណាំ​ស្វាយ ២៣២​ហិកតា បាក់​ទំនប់ និង​បាត់​សត្វពាហនៈ​មួយចំនួន​។​

មានការ​បញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​មក​ថា​៖ នា​ប៉ុន្មាន​ថ្ងៃ​
​នេះ​ភ្លៀង​បាន​ធ្លាក់​យ៉ាងខ្លាំង​នាំ​ឲ្យ​កើតមាន​ទឹកជំនន់ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ដល់​ខេត្ត​ចំនួន​៥ រួម មាន​៖ ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ និង​ខេត្តបាត់ដំបង​។ គ្រោះ ធម្មជាតិ​មួយ​នេះ​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន ៨៣៧ គ្រួសារ​ទៅរក​ទីទួល​សុវត្ថិភាព​។ ជាមួយគ្នានេះ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុង​ខេត្តកំពង់ស្ពឺ ក៏​កំពុង​បង្ក​ជាការ​ព្រួយ​បារ​ម្មណ៍​ថា នឹង​អាច​ប៉ះពាល់​មកលើ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ផងដែរ​៕