ខេត្តព្រះសីហនុ: ថ្នាក់ដឹកនាំនៅតាមស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ព្រួយបារម្ភអំពីខ្យល់ព្យុះភ្លៀងដែលនឹងបន្តបោកបក់ខ្លាំងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នេះ អាជ្ញាធរបានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ និងបងប្អូនប្រជានេសាទ ជាពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ត្រូវប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាពធ្វើដំណើរទៅកម្សាន្តតាមបណ្ដាកោះនានានៅក្នុងខេត្ត ទេសចរណ៍មួយនេះ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានរំលឹកដល់សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធមូល ដ្ឋាន នេះ ត្រូវសហការគ្នាត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋប្រកបរបរលើលំហសមុទ្រ ពិសេស ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនិយមទៅកម្សាន្តតាមកោះនានា។ លោកបានណែនាំឲ្យសមត្ថកិច្ចជំនាញចុះណែនាំដល់ប្រជានេសាទ និងអ្នកបម្រើការសេវាទេសចរណ៍ដឹកជញ្ជូនតាមសមុទ្រ ត្រូវគិតអំពីសុវត្ថិភាពភ្ញៀវទេសចរឲ្យបានច្រើនថែមទៀតនៅពេលមានព្យុះភ្លៀងកំពុងបោក បក់ខ្លាំង។
លោក យន្ត មីន សង្កត់ធ្ងន់ថា សមត្ថកិច្ចត្រូវដាក់បំរាមដល់ប្រតិបត្តិករទេសចរណ៍ទាំងនោះ មិនឲ្យចេញទូកដឹកជញ្ជូនភ្ញៀវនៅពេលកំពុងមានព្យុះភ្លៀងនោះទេ គឺត្រូវស្នើឲ្យផ្អាកជាបណ្ដោះអាសន្ន ដោយរង់ចាំសមុទ្រស្ងប់ព្យុះ ភ្លៀង ទើបអនុញ្ញាតឲ្យដំណើរឡើងវិញបាន។
ទាក់ទិនក្នុងរឿងនេះដែរ ពលរដ្ឋខេត្តព្រះសីហនុខ្លះ និយាយថា ស្ថានភាពអាកាសធាតុបែប នេះ មិនអំណោយផលល្អ សម្រាប់ភ្ញៀវទេសចរដើរកម្សាន្តតាមឆ្នេរសមុទ្រ និងតាមបណ្ដាកោះនានានោះទេ ព្រោះមានភ្លៀងរលឹមជាប់មិនដាច់ទាំងយប់ថ្ងៃ វាពុំសូវមានរលក់ធំៗប៉ុន្មាននោះទេសម្រាប់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋចេញទៅតាមបណ្ដាកោះនានា គឺនៅមានដំណើរការជាធម្មតាទេ៕