កំពង់ស្ពឺ ៖ ថ្មីៗនេះនៅក្នុងខេត្តកំពង់ស្ពឺទាំងមូលមានការបែកធ្លាយរឿងប្រជាពលរដ្ឋរិះគន់នគរបាលស្រុកសំរោងទង នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត និងលោកស្នងការនគរបាលខេត្តកំពង់ស្ពឺឡើងចាស់ដៃតែម្តងថាចុះបង្ក្រាបមនុស្សលេងល្បែងភ្នាល់មាន់ជល់តាមកញ្ចក់ទូរទស្សន៍ចំនួន១៩នាក់កាលពីពេលកន្លងទៅទាំងអ្នកលេងនិងដោយទាំងអ្នកមិនលេងផងដែលដោយយកទៅ ឃុំខ្លួនមួយយប់ហើយជំរិតយកលុយម្នាក់ចំនួន២០០ដុល្លារ ជាថ្នូរនឹងការដោះលែងអោយមានសេរីភាពវិញក្រៅប្រពន្ធ័តុលាការ។
បើតាមការលើកឡើងរបស់លោក កៅ សុខហៀង អាយុ៤១ ឆ្នាំបានចេញមុខបកស្រាយថាកាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅកម្លាំងនគរបាលស្រុកសំរោងទង បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺបានចុះបង្ក្រាបហាងលក់កាហ្វេមួយកន្លែងដោយនគរបាលអះអាងថាមានភ្នាល់លុយជល់មាន់តាមទូរទស្សន៍ទើបបង្ក្រាបបែបនេះ ស្ថិតនៅក្នុងភូមិត្រពាំអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។លោកបានបន្តទៀតថាលោកមិនថាអីទេ បើសមត្ថកិច្ចបង្ក្រាបអ្នកលេងល្បែងនោះ ប៉ុន្តែអ្នកដែលមិនលេងផងអស់លោកចាប់យកទៅឃុំខ្លួនក្នុងបន្ទប់ងងឹត ធុំក្លិនស្អុយ ដូចអ្នកទោសឧក្រិដ្ឋទៅវិញ ហើយនិយាយពីមន្ត្រីនគរបាលថ្មីៗនៅទីនោះ ប្រើពាក្យអសុរសមកលើលោកនិងមនុស្សចាស់ៗជាច្រើនអ្នកទៀតដោយថា (ចង់ជាប់គុកយូរ ឬក៏ចង់ជាប់ឆាប់) បើឆាប់យកលុយមកលោះ ហើយទង្វើរបស់មន្ត្រីនគរបាលស្រុកសំរោងទងមួយចំនួនប្រមាថដល់មនុស្សចាស់ៗច្រើនណាស់ ដែលរូបលោកមិនអាចទទួលយកបាននោះទេ។ហើយអ្វីដែលធ្វើអោយលោកមានការចាប់អារម្មណ៍នោះត្រង់ថា ល្បែងជល់មាន់ កន្ទុយលេខ បៀរ អាប៉ោង ជាច្រើនកន្លែងក្នុងស្រុកសំរោងទង ម្តេចក៏មិនចាប់បង្ក្រាប បែរជាមកចាប់អ្នកមើលមាន់ជល់ក្នុងទូរទស្សន៍ទៅវិញ បើចាប់អ្នកមើលជល់មាន់តាមទូរទស្សន៍ អស់លោកម្តេចមិនចាប់អ្នកភ្នាល់លុយប្រដាល់តាមកញ្ចក់ទូរទស្សន៍ផងដែរទៅ។
រឿងហួសចិត្តមួយទៀតរូបលោកនិងពូចាស់ៗ ៣ទៅ៤នាក់ទៀតគ្រាន់តែទៅហូបកាហ្វេសោះ ក៏អស់លោកចាប់ដោយមកជាមួយដែរ ជំរិតទារលុយចំនួន២០០ដុល្លារ ជាថ្នូរនឹងការដោះលែងអោយមានសេរីភាពវិញ ដែលទង្វើរបស់លោកនគរបាលស្រុកសំរោងទង និងនគរបាលស្នងការខេត្ត ធ្វើរបៀបនេះបានជាសន្លឹកឆ្នោតមានការធ្លាក់ចុះនោះ។
លោក កៅ សុខហៀង បានបន្តទៀតថា ដូចជាអ្នករត់ម៉ូតូឌុបអី តើគាត់បានលុយពីណាមកចំនួន២០០ដុល្លារ នោះ បើគិតជាលុយខ្មែរស្មើរនឹង៨០ម៉ឺនរៀលទៅហើយនោះ ហើយមនុស្សទាំង១៩នាក់នោះនគរបាលមិនអោយបាយហូប សូម្បីទូរសព្ទ័ទៅជួបសាច់ញាតិប្រពន្ធកូនក៏មិនបានដែរដោយលោកនគរបាលនិយាយថា កន្លែងនេះមិនមែនជាកន្លែងនិយាយទូរសព្ទ័ទេ។ លោកមិនថាអ្វីទេប្រសិនបើចាប់អ្នកលេងល្បែងមែននោះ កុំចាប់រើសកន្លែងអីចឹង ចុះកន្ទុយលេខ និងល្បែងម៉ាគគោក ម៉េចមិនចាប់ផង។
ពាក់ពន្ធ័នឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ មិនដឹងថា លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹងដែរឬយ៉ាងណាទេ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ងាត់ឈឹងទាំងទាំងកូន ត្រជាក់ល្ហឹមតែម្តង៕