ម៉ាឡេស៊ី៖ «ឥឡូវខ្ញុំកំពុងធ្វើជានាយក រដ្ឋមន្ត្រី នរណាក៏អាចនៅជាមួយបានដែរ ប៉ុន្តែស្រាប់តែដល់ពេលណាមួយឯកឧត្តម សម រង្ស៊ី ធ្វើជានាយករដ្ឋមន្ត្រីម្តង ឧទាហរណ៍ទេណា! ស្រាប់ដល់ពេលហ្នឹងឯកឧត្តមរុញអត់ឲ្យខ្ញុំរស់នៅ ស្រាប់តែទៅធ្វើបាបខ្ញុំហើយខ្ញុំមានកម្លាំងវ៉ៃបកវិញធ្វើឲ្យឯកឧត្តមរស់នៅមិនសុខដែរ!។ប៉ុន្តែអ្នកវិភាគបានលើកឡើង ថា គឺជាយុទ្ធសាស្ត្រនយោបាយប៉ុណ្ណោះ។
នេះជាប្រសាសន៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៥នៃរដ្ឋសភា ប្រាប់ទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា នៅក្នុងពីធីសំណេះសំណាលមួយនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
យោងតាមលោក ពុយ គា អ្នកឆ្លងឆ្លើយព័ត៌មានក្យូដូរបស់ជប៉ុន បានស្តាប់ឮនៅក្នុងកម្មវិធីជួបសំណេះសំណាលរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ជាមួយពលករ និងនិស្សិតខ្មែរកំពុងធ្វើការ និងសិក្សានៅប្រទេសម៉ាឡេស៊ីអាចឲ្យគេវាយតម្លៃថា មូលហេតុអ្វីបានជាលោក សម រង្ស៊ី និងតេជោ សែន នាំគ្នាកសាងវប្បធម៌សន្ទនានៅទីនោះ។
សម្តេចតេជោបាននិយាយបញ្ជាក់នៅក្នុងពិធីសំណេះសំណាលនោះទៀតថា៖ គណបក្សណា ទោះបីតូច ធំ តែងមានអ្នកគាំទ្រជានិច្ច បើសិនជាយើងធ្វើចំពោះគេមិនត្រឹមត្រូវទេ ច្បាស់ណាស់ថា គេនឹងវ៉ៃបកហើយ។ យើងបានដកពិសោធន៍រាប់រយឆ្នាំហើយ ដែលខ្មែរបែកបាក់គ្នាតាំងពីទឹកដីធំរហូតដល់ទឹកដីតូច ហើយយើងស្លាប់អស់ពលរដ្ឋប៉ុន្មាន? ល្មមគ្រប់គ្រាន់ហើយ ហើយទោះបីជាយើងមាន បក្សនយោបាយ មានអ្នកស្រលាញ់បក្សនេះ ឬបក្សនោះ តែយើងមិនត្រូវយកគ្នាជាសត្រូវទេ។ យើងអត់ជំរើសទេ ដីនេះជាដីរបស់យើងទាំងអស់គ្នា មិនមែនជាដីសំរាប់ ហ៊ុន សែន ឬដីរបស់ សម រង្ស៊ី ឬសម្រាប់នរណាមួយទេ ដី សម្រាប់អ្នកទាំងអស់គ្នា ពលរដ្ឋខ្មែរទាំអស់គ្នា»។
ទោះជាយ៉ាងណាក្ដីលោក ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់លោក សម រង្ស៊ី ដែរថា ប្រសិនបើមានការធ្វើបាបលោកនៅពេលអស់អំណាចមែន កម្លាំងដែលគាំទ្រលោកក៏ប្រាកដជាវាយបកទៅវិញមិនអាចធ្វើឲ្យលោក សម រង្ស៊ី នៅបានសុខនោះដែរ ព្រោះលោកថា គ្រប់គណបក្សទាំងអស់សុទ្ធតែមានអ្នកគាំទ្ររៀងៗខ្លួន ទោះតិច ឬច្រើនក្តី។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន អះអាងថា វប្បធម៌ប្រទូសរ៉ាយគ្នាមិនផ្ដល់ផលល្អដល់កម្ពុជា នោះទេ ព្រោះថា វាបានធ្វើឲ្យខ្មែរជួបនូវទុក្ខវេទនាអស់ជាច្រើនរយឆ្នាំមកហើយ ហើយក៏បានធ្វើឲ្យខ្មែរបាត់បង់ទឹកដីអស់ជាច្រើនដែរ។ លោកថា រាល់ដំណោះស្រាយប្រទេសជាតិ វាទាមទារឲ្យមានការចូលរួមពីខ្មែរគ្រប់រូប។ល្បឿននៃវប្បធម៌សន្ទនារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ហាក់បានស្ទុះលឿនទៅមុខគួរឲ្យកត់សម្គាល់ ពិសេសចាប់តាំងពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាបង្កើតសមាសភាព គ.ជ.ប ថ្មី និងនៅក្រោយមានការដោះលែងសកម្មជនបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ។
ថ្នាក់ដឹកនាំបក្សទាំង២ ដែលពីមុនមកធ្លាប់ពាក់មុខយក្សដាក់គ្នា ហើយដែលពេលនេះ បានប្រែក្លាយជាផ្អែមល្ហែមជាមួយគ្នាវិញនោះ បានសម្ដែងមោទនភាពចំពោះគុណតម្លៃនៃវប្បធម៌សន្ទនារបស់ខ្លួននៅពេល នេះ។ ពួកគេមិនត្រឹមតែផ្សព្វផ្សាយអំពីតម្លៃនៃវប្បធម៌សន្ទនា ចំពោះមុខពលរដ្ឋទូទៅនៅក្នុងប្រទេសនោះទេ តែកាលពីថ្ងៃទី២៥ មេសា អ្នកទាំងពីរបានដឹកដៃគ្នាទៅថ្លែងអំពីវប្បធម៌សន្ទនា នៅចំពោះមុខនិស្សិត ពលករ កម្មករខ្មែរនៅប្រទេសម៉ាឡេស៊ី ទៀតផង។ ទង្វើបែបនេះ វាមិនដែលកើតឡើងទេពីមុនមក។
លោក កែម ឡី បញ្ជាក់ថា ប្រសិនបើវប្បធម៌សន្ទនានេះ បង្កើតឡើងគ្រាន់តែជាការបំបិទការរិះគន់ដើម្បីស្ថាបនា នោះវាមិនអាចដោះស្រាយបញ្ហាបានឡើយ គឺវាគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយដើម្បីផ្ដួលរំលំភាគីម្ខាងទៀតប៉ុណ្ណោះ។
សូមជំរាបថា នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា នេះ បានជួបជាមួយប្រជាពលរដ្ឋខ្មែរ ពលករ និស្សិត ដែលកំពុងរស់នៅ សិក្សា និងធ្វើការក្នុងប្រទេសម៉ាឡេស៊ី ប្រមាណ ២៩០នាក់ ខណៈមេដឹកនាំទាំងពីរ កំពុងស្ថិតនៅប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចអាស៊ាននៅទីនោះ៕ខ រ