ភ្នំពេញ ៖ បន្ទាប់ពីសម្លឹងឃើញថាកំណើនអ្នកវិនិយោគទន់និងភ្ញៀវទេសចរណ៍ចិន កំពុងធ្វើដំណើរមកកាន់កម្ពុជាយ៉ាងគំហ៊ុកក្រុមហ៊ុនខេមបូឌា អ៊ែរវ៉េរបស់កម្ពុជា ក៏បានសម្រេចចាប់ផ្តើមបើកជើងហោះហើរអន្តរជាតិដំបូងរបស់ខ្លួនពីប្រទេសកម្ពុជាទៅកាន់ទីក្រុងម៉ាកាវនៃសាធារណៈរដ្ឋប្រជាម៉ានិតចិន ចំនួន៤ដងក្នុងមួយសប្តាហ៍។
ជើងហោះហើរត្រង់អន្តរជាតិលើកដំបូងរបស់ក្រុមហ៊ុនខេមបូឌា អ៊ែរវ៉េ ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជា ត្រូវបានបន្ថែមគោលដៅថ្មីមួយទៀត គឺពីរាជធានីភ្នំពេញទៅកាន់ទីក្រុងម៉ាកាវនៃសាធារណៈរដ្ឋប្រជាម៉ានិតចិន។ ដោយគោលដៅហោះហើរថ្មីនេះ ត្រូវបានចាប់ផ្តើមបើកជាផ្លូវការ កាលពីថ្ងៃទី២២ ខែកក្តដា ម្សិលមិញនេះ។
តំណាងក្រុមហ៊ុនខេមបូឌា អ៊ែរវ៉េអោយដឹងថា ក្រុមហ៊ុន នឹងផ្តើមការហោះហើររបស់ខ្លួនទៅកាន់ក្រុងម៉ាកាវចំនួន៤ដងក្នុង១សប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃ អង្គារ ពុធ សុក្រ និងថ្ងៃអាទិត្យ។ ក្នុងនោះជើងហោះហើរអន្តរជាតិ ដំបូងរបស់ ខេមបូឌា អ៊ែវ៉េ លេខ KR511 នៅម៉ោង១០.៤៥នាទី គឺហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងចុះចតនៅព្រលានយន្តហោះអន្តរជាតិក្រុងម៉ាកាវនៅវេលាម៉ោង១៤.០៥នាទី។ចំណែកជើងហោះហើរKR512 គឺហោះត្រលប់មកពីទីក្រុងម៉ាកាវវិញ នៅវេលាម៉ោង២១.៤០នាទីយប់ ហើយចុះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង២៣.២៥នាទីយប់។
មូលហេតុដែល ក្រុមហ៊ុន ខេមបូឌា អ៊ែវ៉េ សម្រេចធ្វើការហោះទៅទីក្រុងម៉ាកាវ ដោយខេមបូឌាអ៊ែវ៉េក៍មានទីផ្សារគាំទ្រពីភ្នាក់ងារទេសចរណ៍ជាដៃគូជាមួយនិងតម្រូវការជាច្រើនពីទីនោះផងដែរ ។ភាគច្រើនភ្ញៀវទេសចរណ៍ ដែលមកពីតាមបណ្តាទីក្រុងខេត្តផ្សេងនៃប្រទេសចិន ឆ្លងកាត់តាមទីក្រុងម៉ាកាវ មុននឹងពួកគេធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ដោយហេតុនេះហើយទើប ខេមបូឌា អ៊ែវ៉េ សម្រេចជ្រើសរើសជើងការហោះហើរអន្តរជាតិលើកដំបូង ទៅកាន់ទីក្រុងមួយនេះ។
ក្រុមហ៊ុន ខេមបូឌា អ៊ែវ៉េ អះអាងទៀតថា ក្រៅពីបើកអោយមានដំណើរការទៅទីក្រុងម៉ាកាវនេះហើយខេមបូឌា អ៊ែវ៉េ នឹងចាប់ផ្តើមបើកការហោះហើរទៅកាន់ទីក្រុងហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន រួមទាំងគោលដៅផ្សេងទៀតនៃប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានដូចជា ប្រទេសថៃ សង្ហបុរី ហ្វីលីពីន ផងដែរ។ ចំពោះគម្រោងបន្ទាប់ ក្រុមហ៊ុន នឹងពង្រីកជើងហោះហើរ អោយកាន់តែទូលាយទៅកាន់ប្រទេសខាងប៉ែកអឺរ៉ុប និងប្រទេសអូស្រា្តលី។ ក្រុមហ៊ុន ខេមបូឌា អ៊ែវ៉េ សង្ឈឹមថា ការហោះហើរអន្តរជាតិលើកដំបូងនេះ នឹងជួយជម្រុញការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា មិនថាបច្ចុប្បន្ន និងទៅថ្ងៃអានាគត ដ្បិតថាប្រទេសកម្ពុជាគឺជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញទាំងចំពោះភ្ញៀវជាតិ និងអន្តរជាតិ និងមានធនធានធម្មជាតិដ៍ច្រើនសប្បូរបែប ក៍ដូជាវប្បធម៍ជាតិ និងតំបន់ប្រវត្តិសាស្ត្រគួរអោយចាប់អារម្មណ៍ជាច្រើនផងដែរ។
យោងតាមការបញ្ជាក់ពី លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសទេសចរណ៍ បានអោយដឹងនាព្រឹកថ្ងៃច័ន្ទនេះថា រយ:ពេល៥ខែដើមឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជាទទួលបានភ្ញៀវចិនចំនូនជាង៧៨ម៉ឺន៨ពាន់នាក់ ដែលចំនួននេះមានការកើន៧៩% ធៀបនឹងឆ្នាំមុន។ ហើយតួលេខនេះបង្ហាញថា ភ្ញៀវចិនឈរនៅលំដាប់លេខ១ក្នុងចំណោមភ្ញៀវអន្តរជាតិមកព្រះរាជណាចក្រកម្ពុជា។
គួររំលឹកដែរថា មុននឹងក្រុមហ៊ុនក្នុងស្រុកមួយនេះបើកការហោះហើរអន្តរជាតិលើកដំបូងរបស់ខ្លួនទៅកាន់ទីក្រុងម៉ាកាវ ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងទីក្រុងម៉ាកាវ ក៍ធ្លាប់បានជួបពិភាក្សាគ្នាកាលពីប៉ុន្មានខែកន្លងទៅអំពីការពង្រីកកិច្ចសហប្រតិបត្តិការណ៍ក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងទីក្រុងម៉ាកាវនៃប្រទេសចិន ព្រមទាំងលើកទឹកចិត្តដល់វិនិយោគលើវិស័យអាកាសចរណ៍ អោយមានការហោះហើរត្រង់រវាងទីក្រុងម៉ាកាវ និងប្រទេសកម្ពុជាតែម្តង៕