ស៊ីរី ៖ កងទ័ពរដ្ឋាភិបាល ស៊ីរី បង្កើនប្រតិបត្តិការយោធាខិតចូលទៅជិតព្រំដែន អ៊ីស្រាអែល ដោយយន្តហោះរដ្ឋាភិបាល វាយប្រហារយ៉ាងខ្លាំងទៅលើទីតាំងដែលរដ្ឋាភិបាលអះអាងថាជាកន្លែងលាក់ខ្លួនរបស់ជីវពលក្រុមរដ្ឋឥស្លាម ។
ក្នុងចំណោមគោលដៅវាយប្រហារជាច្រើនមានទីប្រជុំជន ណាវ៉ា របស់ប្រទេស ស៊ីរី ស្ថិតនៅភាគឥសាន្ត្រប្រទេស អ៊ីស្រាអែល ។ កាលពីថ្ងៃ ច័ន្ទ យន្តហោះ អ៊ីស្រាអែល ក៏បើកការវាយប្រហារផងដែរទៅលើទីតាំងកងទ័ពរដ្ឋាភិបាល ស៊ីរី បន្ទាប់ពីទាហានថ្មើរជើងរដ្ឋាភិបាល ស៊ីរី ខិតកាន់តែជិតទៅកាន់ខ្ពស់រាប Golan Heights ជាតំបន់គ្រប់គ្រងដោយ អ៊ីស្រាអែល ។
ប្រទេស អ៊ីស្រាអែល ធ្វើអន្តរាគមន៍កាន់តែច្រើនទៅក្នុងសង្គ្រាមស៊ីវិលនៅ ស៊ីរី នៅពេលដែលកងកម្លាំង អ៊ីរ៉ង់ ចូលរួមជួយរដ្ឋាភិបាល ស៊ីរី ជាអ្វីដែលប្រទេស អ៊ីស្រាអែល អះអាងថា បង្កការគំរាមធ្ងន់ធ្ងរដល់ប្រទេស អ៊ីស្រាអែល ។ កាលពីថ្ងៃ អាទិត្យ ទាហាន អ៊ីស្រាអែល បានចូលទៅក្នុងប្រទេស ស៊ីរី ជម្លៀសសមាជិកអង្គការជួយសង្គ្រោះមួយដែលគេស្គាល់ថា ក្រុមមួកស និងបញ្ជូនឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេស លីបង់ នៅពេលដែលក្រុមមួកស ជួបនឹងគ្រោះថ្នាក់ដោយសារការវាយប្រហារយ៉ាងខ្លាំងរវាងទាហានរដ្ឋាភិបាល ស៊ីរី និងក្រុមជីវពលរដ្ឋឥស្លាមក្បែរតំបន់ Golan Heights ។
ក្រុមមួកស ត្រូវបានបស្ចិមប្រទេសសរសើរ ចំពោះប្រតិបត្តិការជួយសង្គ្រោះជនស៊ីវិលរាប់ពាន់នាក់ក្នុងតំបន់មានជម្លោះ ប៉ុន្តែអ្នកទាំងនោះ ប្រឈមនឹងគ្រោះថ្នាក់ ដោយសារតែងចូលទៅកាន់តំបន់ដែលកំពុងមានការប្រយុទ្ធគ្នា ។ សមាជិកក្រុមមួកស ត្រូវបានគេអះអាងថា នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេស អង់គ្លេស អាល្លឺម៉ង់ និង កាណាដា ដែលជាគម្រោងតាំងទីលំនៅថ្មី៕