ក្រិក ៖ ភ្លើងឆេះព្រៃក្នុងប្រទេស ក្រិច បានសម្លាប់មនុស្សយ៉ាងតិច 20 នាក់ និងជាង100នាក់រងរបួស ហើយភ្លើងឆេះព្រៃខិតកាន់តែជិតទៅក្បែររដ្ឋធានី អាតែន បង្ខំឲ្យអាជ្ញាធរចេញសេចក្ដីប្រកាសដល់ប្រជាជនក្នុងតំបន់មួយចំនួនជាយក្រុង អាតែន ត្រូវតែជម្លៀសខ្លួនចេញជាបណ្ដោះអាសន្ន ។
ទីប្រជុំជនមួយចម្ងាយជាង20 គីឡូម៉ែត្រពីទីក្រុង អាតែន ត្រូវបានបំផ្លាញដោយសារភ្លើងឆេះព្រៃ ធ្វើឲ្យភ្លើងឆេះព្រៃនេះ ក្លាយជាមហន្តរាយធ្ងន់ធ្ងរបំផុតជាងឆ្នាំ 2007 ហើយស្ថានភាពនៅមិនទាន់ធូរស្រាលនៅឡើយ ដោយសារខ្យល់បោកបក់ខ្លាំង ។ តំបន់ទេសចរណ៍ភាគខាងកើតទីក្រុង អាតែន ត្រូវបានបិទមិនឲ្យមនុស្សចូល បន្ទាប់ពីភ្លើងឆាបឆេះយ៉ាងខ្លាំងសម្លាប់មនុស្ស 4 នាក់ ក្នុងតំបន់ ។
រដ្ឋាភិបាល ចេញការប្រកាសអាសន្ន ដើម្បីស្វះស្វែងរកជំនួយសម្រាប់ប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនេះ បំណងគ្រប់គ្រងស្ថានភាព ដែលអាចឈានទៅរកមហន្តរាយកាន់តែធ្ងន់ ។
រដ្ឋាភិបាលបញ្ជាក់ថា ពេលនេះ ប្រតិបត្តិការទប់ទល់នឹងការរាលដាលរបស់ភ្លើងឆេះព្រៃ ទាមទារឲ្យប្រើប្រាស់យន្តហោះ និងគ្រឿងយន្តក្នុងចំនួនដ៏ច្រើន ៕