ភ្នំពេញ ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានឲ្យដឹងថា ក្រោមការសម្របសម្រួលរបស់គណៈកម្មការ សម្របសម្រួលអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានអ្នកសង្កេតការណ៍ជាតិចំនួន ១.០៣៦នាក់ មកពី ៩៣អង្គការ សមាគមនៅទូទាំង ២៥រាជធានី/ខេត្ត និងអ្នកសង្កេតការណ៍អន្តរជាតិចំនួន ២២០នាក់ តំណាងឲ្យអង្គការ ស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៃទ្វីបទាំង៥ នៅលើសកលលោក។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាមជ្ឈមណ្ឌលកោះពេជ្រ កាលពីល្ងាចថ្ងៃទី២៤ កក្កដា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្រប សម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា គណៈកម្មការ សម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតមានបេសក កម្មចម្បង ក្នុងការសម្របសម្រួលឲ្យមានការចូលរួមយ៉ាងទូលំទូលាយពីអ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកសារព័ត៍មានដើម្បីធ្វើជាសាក្សីផ្ទាល់សម្រាប់ការបោះឆ្នោតនេះ។
សូមជម្រាបជូនថា តាមការគ្រោងទុកបន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិនឹងធ្វើសន្និសីទសារព័ត៍មាន នៅល្ងាចថ្ងៃទី២៩ កក្កដា។
ចំណែកក្រុមអ្នកសង្កេតការណ៍ជាតិនឹងធ្វើសន្និសីទសារព័ត៍មាននៅរសៀលថ្ងៃទី៣០ កក្កដា ដើម្បីបង្ហាញពីការពិតនូវដំណើរការនៃការបោះឆ្នោតក្នុងនាមជាសាក្សី ដែលបានចុះទៅ សង្កេតដោយផ្ទាល់នៅតាមការិយាល័យបោះឆ្នោតនានា ហើយបើតាមការអះអាងរបស់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ថាសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨នេះគឺមានអ្នកសង្កេតការណ៍ច្រើន ជាងការបោះឆ្នោតលើកមុនៗទៅទៀត៕