សៀមរាប ៖ វិស័យកសិកម្មមិនត្រឹមតែជាឆ្អឹងខ្នង នៃខឿនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ដូច្នេះដើម្បីជំរុញឲ្យវិស័យនេះរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្លឹងឃើញថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ការនាំចេញកសិផលកម្ពុជា។
លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ដើម្បីនាំចេញនូវកសិផលទាំងនោះកសិករកម្ពុជា ត្រូវពង្រឹងសមត្ថភាពក្នុងការបង្កបង្កើនផលរបស់ខ្លួន ក៏ដូចជាការយកចិត្តទុកដាក់ក្នុងពេលខ្ពស់ចាប់តាំងពីការតំណាក់កាលដាំដុះរហូតដល់ប្រមូលផល។
មានប្រសាសន៍នៅក្នុងពេលដែលអញ្ជើញចូលរួមជាអធិបតីក្នុងពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក វេង សាខុន បន្តថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ ក្រសួងកសិកម្ម នឹងចុះហត្ថលេខានាំចេញផ្លែចេក ទៅកាន់ទីផ្សាររបស់ប្រទេសចិន ។ ឯកឧត្តមឲ្យដឹងថា ការនាំចេញផ្លែចេកនេះ កម្ពុជាបានចរចារជាមួយប្រទេសចិនអស់ពេលជាង៤ឆ្នាំ ទំរាំតែផលិតផលរបស់យើងត្រូវតាមស្តង់ដាដែលគេចង់បាន។
កាលពីពេលកន្លងទៅ កម្ពុជាបាននាំចេញកសិផលទៅកាន់ប្រទេសចិនទៅលើ មុខទំនិញមួយចំនួនដូចជាដំឡូងមី ពោត អង្គរ និងចុងអង្ករបុណ្ណោះ។ បើតាមលោករដ្ឋមន្ត្រីកសិកម្ម បានឲ្យដឹងថា នៅពេលខាងមុខកម្ពុជានឹងធ្វើការចរចារជាមួយប្រទេសចិនសម្រាប់ការនាំចេញនូវផ្លែស្វាយ ផ្លែតាង៉ែន ផ្លែដូង និងទំនិញកសិផលផ្សេងៗជាបន្តទៀត៕