ខេត្តកណ្តាល ៖ ទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនហេងអភិវឌ្ឍន៍ នៅស្រុកកណ្តាលស្ទឹង បានឈានដល់មានជនមួយក្រុមលួចអារជើងសសរផ្តួលរំលំផ្ទះ ប្រជាពលរដ្ឋទាំងយប់។
ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងក្រុមហ៊ុន ហេង អភិវឌ្ឍន៍និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទនប់94ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ឥឡូវនេះឈានដល់មានជនមួយក្រុមប្រដាប់ដោយកាំភ្លើងគ្រប់ដៃនិងម៉ាស៊ីនត្រង់ទ័រនឺអារសសរផ្ទះប្រជាពលរដ្ឋផ្តួលរំលំជិតពាក់កណ្តាលអាធ្រាត្រកាលពីយប់ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ សមត្ថកិច្ចនៅមិនទាន់វែកមុខរកចាប់មុខសញ្ញាជនមួយក្រុមនោះបាននៅឡើយរហូតមកដល់ថ្ងៃនេះ ។ នេះបើយោងតាមការរៀបរាប់ឲ្យដឹងពីប្រជាពលរដ្ឋរងគ្រោះរស់នៅភូមិឆ្មាពួន នោះ ។
បញ្ហានេះ បានធ្វើឲ្យប្រជាពលរដ្ឋកំពុងតែមានការបារម្ភយ៉ាងខ្លាំងបន្ទាប់ពីមានជនមួយក្រុមបានធ្វើសកម្មភាពអារផ្តួលរំលំផ្ទះពួកគាត់ខណៈសមត្ថកិច្ចហាក់លឹប ល ស្ទាក់ស្ទើរក្នុងការស្រាវជ្រាវរកមុខសញ្ញា ដើម្បីជួយអន្តរាគមន៍ប្រជាពលរដ្ឋក្នុងរឿងនេះ។
ការបារម្ភនេះបានជំរុញឲ្យប្រជាពលរដ្ឋស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ គ្រាដែលជម្លោះដីធ្លីបានកើតឡើងរវាងក្រុមហ៊ុន ហេងអភិវឌ្ឍន៍ និងប្រជាពលរដ្ឋជិតម្ភៃឆ្នាំមកនេះ គ្មានដំណោះស្រាយអាចបញ្ចប់បាននៅឡើយ។
ប្រជាពលរដ្ឋខ្លះមានជម្លោះជាមួយក្រុមហ៊ុន ចំណែកខ្លះទៀត មានជម្លោះជាមួយបុគ្គលម្នាក់ឈ្មោះ ម៉ាណ មន ដែលពួកគាត់អះអាងថា ជាបុគ្កលិកធ្វើការនៅក្រុមហ៊ុន ហេងអភិវឌ្ឍន៍៕