ភ្នំពេញ៖កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៦ មេសានេះ អ្នកម្នាង ផល្លា រណឫទ្ធិ ត្រូវបានបញ្ជូនទៅប្រទេសថៃតាមរយៈជើងយន្តហោះរបស់មន្ទីរពេទ្យមួយក្នុងក្រុងភ្នំពេញ ដោយសារតែអ្នកម្នាងមានរបួសក្បាល ទោះបីជាអ្នកម្នាងបានដឹងខ្លួន និងមានអាការះធូរស្រាលក៏ដោយ។
ក្រោយពីហេតុការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងរវាងរថយន្តដឹកដី និងរថយន្ត BMW របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៥ មេសា ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបណ្តាលឲ្យរងរបួសមនុស្ស៦នាក់ និងអ្នកម្នាងផល្លា រងបួសក្បាល ហើយពេលនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសថៃ ដើម្បីព្យាបាល។
លោក ញេប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ិនស៊ិនប៉ិច បានបញ្ជាក់ថា ទោះបីជាស្ថានភាពរបួសរបស់អ្នកម្នាង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបរទេសក្តី ប៉ុន្តែពេលនេះអ្នកម្នាងបានដឹងខ្លួនវិញហើយ គឺដើម្បីពិនិត្យបន្ថែមទៀត ពីស្ថានភាពរបួសរបស់អ្នកម្នាង ហើយបើប្រៀបធៀបនឹងថ្ងៃម្សិលមិញ គឺអ្នកម្នាងបានធូស្រាលជាងមុន ។ ចំណែកសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ វិញក៏បានយាងទៅប្រទេសថៃដែរ ដើម្បីអមដំណើរគ្រួសាររបស់ព្រះអង្គ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែមេសា នៅត្រង់ចំណុចភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានកើតឡើងរវាងឡានដឹកដីធនធ្ងន់មួយគ្រឿង និងឡានសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយនឹងឡានមួយគ្រឿងទៀតក្នុងក្បួនហែហមព្រះអង្គ ក្នុងដំណើរត្រឡប់ពីការជួបសំណេះសំណាលអ្នកគាំទ្រ និងសមាជិកគណបក្សហ្វ៊ិនស៊ិនប៉ិច ក្នុងខេត្តកំពង់ចាមវិញ៕
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងយាងចេញពីកម្ពុជា នៅព្រលានយន្តហោះ។@Thing Vandarong