អាជ្ញាធរ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ខណៈ​ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង ហក់​ឡើង​ខ្លាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2018 ក+ ក-

​ភ្នំពេញ ៖ យោងតាម​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា មកដល់​ម៉ោង​៦ និង​៣០ នាទី​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឺ​ង​ត្រែង​បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ១០,៧៥ ម ខណៈ​កម្រិត​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ត្រឹមតែ ១០,៧០ ម ប៉ុណ្ណោះ ។​

​ក្រួស​ង​បញ្ជាក់ថា ពេលនេះ​ទឹកទន្លេ​បានចាប់ផ្តើម​លិច​ចូល​តំបន់​ទំនាប​មួយចំនួន​ដែល​នៅតាម​ដង​ទន្លេ​ជា​បណ្តើរៗ​ហើយ​។​
​សូមជម្រាបថា ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង របស់​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ បាន​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ​លើ ក្នុងប្រទេស​កម្ពុជា បន្ដ​កើន​ឡើងជា​បន្ដបន្ទាប់​។​

​តាម​សេចក្ដីជូនដំណឹង​ស្ដីពី​ស្ថានភាព​កម្ពស់​ទឹកទន្លេ របស់​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ទៀតថា យោងតាម​ការ​ព្យាករ​នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨ ទឹកទន្លេ​មេគង្គ​លើ​អាច​កើនឡើង​បន្ថែមទៀត​។
សេចក្ដីជូនដំណឹង ស្ដីពី​ស្ថានភាព​កម្ពស់​ទឹកទន្លេ របស់​ក្រសួង​ធនធានទឹក បានបញ្ជាក់​ទៀតថា យោងតាម​ការ​ព្យាករ​នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨ ទឹកទន្លេ​មេគង្គ​លើ​អាច​កើន​ឡើងដល់​៖

* ទន្លេមេគង្គ​ស្ទឹងត្រែង ទឹក​អាច​កើនឡើង​ដល់ ១១.០៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ​)​។​

* ទន្លេមេគង្គ​ក្រចេះ ទឹក​អាច​កើនឡើង​ដល់ ២១.៦៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ​)​។​

* ទន្លេមេគង្គ​កំពង់ចាម ទឹក​អាច​កើនឡើង​ដល់ ១៤.៨០ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ​)​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​លើ ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជ្រៀស​វាង​នូវ​គ្រោះ​ថា្នក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕