ឡាវ ៖ រដ្ឋាភិបាលចិន បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ទៅដល់រដ្ឋាភិបាលឡាវ រយៈពេល១ សប្តាហ៏បន្ទាប់ពី ការបាក់ទំនប់វារីអគ្គីសនី បង្ករឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ នៅខេត្តអាតាពើ ភាគខាងត្បូងប្រទេស។ ជំនួយត្រូវបានដឹកជញ្ជូនដោយ យន្តហោះដឹកទំនិញ បូអ៊ីញ ៧៤៧ របស់ក្រុមហ៊ុនអាកាសចរណ៏ ភាគខាងកើតប្រទេសចិន ដែលជំនួយរួមមាន តង់ មុង ទូក ភួយ ឧបករណ៏បន្សុតទឹក និងគ្រឿងប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃផ្សេងៗទៀត។ ពិធី ប្រគល់ត្រូវបានធ្វើឡើងនៅ ព្រលានយន្តហោះអន្តរជាតិ វៀនទាន វ៉ាត់តាយ ដែលចូលរួម ដោយ ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសឡាវ លោក វ៉ាងវ៉េនទៀន និងអនុរដ្ឋមន្ត្រីការងារ និងសុខមាលភាពសង្គម ប្រទេសឡាវ លោក បៃខាម ខាទីយ៉ា។
លោកវ៉ាង និយាយថា ប្រទេស ចិន និងប្រទេសឡាវ ជាបងប្អូនគ្នា តាំងពីយូលង់ណាស់មកហើយ នៅពេល មានការចាំបាច់ តែងតែអាណិតនិងជួយគ្នា ជាក់ស្តែងពេលនេះ ប្រជាជនឡាវជួបការ លំបាកដោយសារទឹកជំនន់ ប្រទេសចិន បានជួយឧបត្ថមគាំទ្រក្នុងការជួយសង្គ្រោះ។ អនុរដ្ឋមន្ត្រីការងារ និងសុខមាលភាពសង្គម ប្រទេសឡាវ បានសំដែងការដឹងគុណ ដល់រដ្ឋាភិបាលចិន សំរាប់ជំនួយរបស់ប្រទេសនេះ។ គួរំលឹកថា ទំនប់វារីអគ្គីសនីហ្សេពាន ហ្សេណាណយ ដែលកំពុងស្ថិតក្រោមការសាងសង់ បានបាក់រលំកាលពីថ្ងៃទី២៣ ខែ កក្កដា ក្នុងស្រុក សាណាមសាយ ខេត្តអាតាពើ ភាគអាគ្នេយ៏ប្រទេសឡាវ បង្ករឲ្យមាន ទឹក ជំនន់ធ្ងន់ធ្ងរ និងមានការបំផ្លាញ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ ប្រជាជន ប្រមាណ ១៣០០០ នាក់៕