ខេត្តក្រចេះ​ត្រៀម​ទីទួល​សុវត្ថិភាព​ជាង​២០០​កន្លែង​សម្រាប់​សង្គ្រោះ​ពេល​មាន​ទឹកជំនន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2018 ក+ ក-

​ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ជាង​២០០​កន្លែង ទុក​សម្រាប់​ជម្លៀស មនុស្ស និង​សត្វ ពី​ការ​ជន់​លិច ខណៈ​ជំនន់​ទឹកទន្លេ​មេគង្គ​ត្រូវបាន​គេ​មើលឃើញថា កំពុង​គំរាមកំហែង​ធ្ងន់ធ្ងរ ដល់​ភូមិដ្ឋាន ជាច្រើន នៅក្នុង​តំបន់​នានា​តាម​បណ្តា​ស្រុក​មួយចំនួន នៅក្នុង​ខេត្តក្រចេះ ដែលមាន​ទីតាំងនៅ​ប្រសព្វ និង​ដង​ទន្លេ​មេគ្គ​។

​មន្ត្រី​សាលាខេត្ត​ក្រចេះ បានឱ្យដឹង​នៅ​ថ្ងៃទី​៣១ ខែកក្កដា នេះ​ថា អាជ្ញាធរខេត្ត​-​ស្រុក ក៏​ដូច ជា​មន្ទីរ​អង្គភាព​ពាក់​ព័​ន្ឋ​នៅ​ជុំវិញ​ខេត្ត បាន​ត្រៀម​លក​ខណៈ រួចជាស្រេច ដូចជា ស្បៀង ថ្នាំសង្កូវ ព្រមទាំង​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ជួយ​ដល់​ពលរដ្ឋ​ដែល​ប្រឈម ដើម្បី​បញ្ជៀ​ស ពី​មហន្តរាយ​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់​ឱ្យមាន​សុខ​សុវត្ថិភាព​។ ក្នុងនោះ​អាជ្ញាធរខេត្ត ក៏​បានចេញ​សេចក្តីប្រកាស ព័ត៌មាន​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ទឹកជំនន់​ដែល​នឹង​អាច​ជន់​ឡើង ដល់​កំរិត​ប្រកាសអាសន្ន​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ ទាំង​៣​ប្រភេទ ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ជួយសង្គ្រោះ​។​

​ខេត្តក្រចេះ មានស្រុក​ចំនួន​៥ និង​ក្រុង​១ ក្នុងចំណោម​ស្រុក​ទាំង​៦ ដែលមាន​ទីតាំង នៅ​ប្រប​និង​ដង​ទន្លេមេគង្គ រួមមាន ក្រុង​ក្រចេះ ស្រុក​សំបូរ ស្រុក​ចិត្រ​បុរី ស្រុក​ឆ្លូង និង​ស្រុក​ព្រែក​ប្រសព្វ គឺ​កំពុងតែ​ប្រឈម​និង​ការ​ជន់​លិច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ក្នុងនោះ​មាន​ភូមិដ្ឋាន រាប់រយ​ខ្នង​កំពុង​យាយី​ដោយ​ការ​ជន់​លិច ក៏បាន​ចាប់ផ្តើម​ជម្លៀស សម្ភារៈ​គោ ក្របី ជ្រូក មាន់ ទា ចេញពី​ភូមិ​ទៅកាន់​ទីទួល​សុវត្ថិ​ភាពជា​បណ្តើរៗ​ទៅហើយ​ដែរ​។​

​ពលរដ្ឋ​នៅ​ស្រុក​ចិត្រ​បុរី សម្តែង​ការព្រួយបារម្ភ​នៅពេល​ស្ថានភាព​ទឹកជំនន់​កំពុង​តែមាន ស​ន្ឋឹ​ក​ជន់​ឡើង​កាន់តែខ្លាំង​បែបនេះ​។ ការបារម្ភ​របស់​ពួកគាត់​ផ្តោត​សំខាន់​លើ​បញ្ហា​សុខភាព អនាម័យ ពិសេស​ការរីក​រាលដាល​ជម្ងឺឆ្លង​ទាំង​មនុស្ស​និង​សត្វ ជាងនេះទៅទៀត​នោះ​គឺ​ការ បារម្ភ​ពី​ការខាតបង់​ទិន្នផល​កិ​សកម្ម​ដែល​ពួកគាត់​បាន​ដាំ​ដុះ​និង​សម្រេច​ប្រមូល​ផល​មុន​រដូវ​ហុច​ផល​។ ក្នុងនោះ​មាន​ដំណាំ​កសិកម្ម​របស់​អ្នកភូមិ​ជាច្រើន​ហិកតា មាន ពោត ដំឡូង សណ្តែក ល្ងរ ត្រូវបាន​លិចលង់​។​ក្នុងនោះ​ក៏មាន​លំនៅឋាន​រាប់រយ​ខ្នង​ផ្ទះ និង​ផ្លូវលំ​នានា​ចំនួន​រាប់ពាន់ មែត្រ​ព្រមទាំង​សាលារៀន និង​មណ្ឌល​សុខភាព​បាន​រង​ការលិចលង់​ផងដែរ​។​

​ជុំវិញ​ស្ថានភាព​ទឹកជំនន់​នេះ មន្ត្រី​សាលាខេត្ត​ក្រចេះ ក៏បាន​ឱ្យដឹងថា ខេត្តក្រចេះ នឹងធ្វើ​ការ ប្រកាសអាសន្ន​នៅពេល​កំពស់​ទឹក​មាន​កំរិត ២២​មែត្រ ខណៈ​នៅ​ថ្ងៃទី​៣១ ខែកក្កដា នេះ កំរិត​ទឹក ទន្លេ មេគង្គ នៅមាន​កំពស់​ជាង ២១​មែត្រ ដែល​កំពស់​នេះ គឺ​ជិត​ដល់​នឹង​ង​កំរិត​ប្រកាសអាសន្ន​៕