ប្រមុខ​ការទូត​កម្ពុជា ទៅ​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​សិង្ហ​បុរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2018 ក+ ក-

​ភ្នំពេញ ៖ តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម វី​វៀន បា​ឡា​គ្រី​ស្សណាន (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ៣០ ខែកក្កដា ដល់​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០១៨ នៅ​សាធារណរដ្ឋ​សឹង្ហ​បុរី​។ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថា នឹងចូលរួម​កិច្ចប្រជុំ​មួយចំនួន ដូចខាងក្រោមៈ

– កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ
– ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១
– សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី​លើក​ទី​១៩
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា​លើក​ទី​៨ និង
– វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៥ ។
​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​«​ភាពរឹងមាំ និង នវានុវត្តន៍​របស់​អា​ស៊ាន​» នឹង​ឆ្លុះបញ្ចាំង​អំពី​ការតាំង​ចិត្ត​ដ៏​មុះ​មុត​របស់​អាស៊ាន ក្នុងការ​ព​ន្លឿ​ន​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន និង​បន្ត​ស្ថិតនៅ​ជា​អង្គការ​តំបន់​គួរឱ្យ​ទុកចិត្ត​នៅក្នុង​ការថែរក្សា និង​លើកស្ទួយ​សន្តិភាព ស្ថេរភាព និង​វិបុលភាព​។

​គួរ​កត់សម្គាល់ថា ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំ​នាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ «​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស បូក​សាធារណរដ្ឋ​កូរ៉េ​» ជាមួយ លោកជំទាវ កាង ឃ្យុ​ង​វ៉ា (Kang Kyung-wha) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​។
​ក្រៅពី​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ដទៃទៀត ដូចខាងក្រោម ៖
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម និង
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ។

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រួមជាមួយ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដទៃទៀត នឹង​អញ្ជើញ ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​ឯកឧត្តម លី សៀន​ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​។ បន្ថែម​ពីនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រមុខ​គណៈប្រតិភូ​នៃ​ប្រទេស​មួយចំនួន ផងដែរ​៕