ហ្សឺណែវ ៖ គណៈប្រតិភូ មកពីប្រទេសផលិតរថយន្តចំនួនប្រាំ បានជួបប្រជុំគ្នា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាពីជំហានបន្ទាប់ ដើម្បីដោះស្រាយជាមួយនឹងបញ្ហាពន្ធដ៏មានសក្តានុពល របស់សហរដ្ឋអាមេរិក លើការនាំចូលយានយន្ត ទៅកាន់សហរដ្ឋអាមេរិក។
មន្ត្រីមកពីប្រទេសកាណាដា ម៉ិចស៊ិក សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង គ្រោងនឹងពិភាក្សាពីយុទ្ធសាស្ត្ររបស់ពួកគេ ប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈដែលការជុំរុញពន្ធ របស់លោក ដូណាល់ ត្រាំ នៅតែបន្តកើនឡើង។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដោយប្រទេសជប៉ុន និងសហភាពអឺរ៉ុប។ អ្នកចូលរួមត្រូវបានគេរំពឹងថា នឹងពិចារណាលើកិច្ចព្រមព្រៀងអន្តរជាតិរួមគ្នាមួយ ស្តីពីការកាត់បន្ថយពន្ធលើរថយន្ត។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសកាលពីខែឧសភាថា នឹងប្រើច្បាប់ មាត្រាទី 232 ដើម្បីស៊ើបអង្កេតការនាំចូល រថយន្ត និងគ្រឿងបន្លាស់រថយន្
តំណាងមកពីក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនចែកចាយ ក្រុមឧស្សាហកម្ម និងប្រទេសជាច្រើន បានរិះគន់យ៉ាងខ្លាំង ចំពោះការស៊ើបអង្កេតនេះ ដោយបានព្រមានថា វានឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក និងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក និងបណ្តាលឱ្យបាត់បង់ការងារផងដែរ។
ការកើនឡើងភាពតានតឹងពាណិជ្ជកម្ម នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់សហភាពអឺរ៉ុប ខណះ ដែលប្រទេសអាល្លឺម៉ង់ នៅតែជាអ្នកនាំចេញរថយន្តធំបំផុតរបស់ពិភពលោក ដែលរួមចំណែកជាង 20% នៃការនាំចេញរថយន្តសកល បន្ទាប់មកប្រទេសជប៉ុនឈរនៅលំដាប់ទី 2 ដោយមាន 13 ភាគរយបន្ទាប់មកទៀតគឺសហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក ចក្រភព អង់គ្លេស និងកូរ៉េខាងត្បូង៕