អាហ្វហ្គានីស្ថាន ៖ យ៉ាងហោចណាស់ មនុស្ស 15 នាក់ បានស្លាប់ នៅក្នុងទីក្រុងចាឡាឡាបាដ ភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលខ្មាន់កាំភ្លើង បានសំរុកចូលអគាររដ្ឋាភិបាល ធ្វើអោយមនុស្សជាច្រើននាក់ជាប់នៅក្នុងអាគារនោះ បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានបំផ្ទុះខ្លួនឯងនៅច្រក ទ្វារ ចូល។
អ្នកនាំពាក្យរដ្ឋាភិបាលខេត្ត បាននិយាយថា រយៈពេលជាច្រើនម៉ោង បន្ទាប់ពីមានការបាញ់កាំភ្លើង និងការផ្ទុះជាច្រើន ឧបទ្ទវហេតុនេះ បញ្ចប់ ដោយខ្មាន់កាំភ្លើងពីរនាក់ត្រូវបានសំលាប់ ហើយ ផ្នែកភាគច្រើននៃអគារត្រូវបានបំផ្លាញ។
មិនមានការអះអាងទទួលខុសត្រូវការវាយប្រហារនេះ ភ្លាមៗនោះទេ ទោះបីជាក្រុមតាលីបង់ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធការជាប់ពាក់ព័ន្ធការវាយប្រហារនេះក៏ដោយ។
ទោះបីជាមិនទាន់មានភាពច្បាស់លាស់ ថាតើក្រុមរដ្ឋឥស្លាមមានជាប់ពាក់ព័ន្ធការវាយប្រហារនេះ ដែរឬយ៉ាងណា ក្រុមនេះបានបង្កើនសកម្មភាពរបស់ខ្លួន ខណៈដែលមានក្តីសង្ឃឹមសម្រាប់កិច្ចចរចា សន្តិភាពរវាងរដ្ឋាភិបាល និងក្រុមតាលីបង់ បន្ទាប់ពីមានបទឈប់បាញ់រយៈពេល 3 ថ្ងៃ កាលពីខែមុន។
ការវាយប្រហារនេះ ត្រូវបានផ្តោតទៅលើ ទីក្រុងចាឡាឡាបាដ ដែលជាទីក្រុងធំនៃខេត្ត ណាន់ហ្គាហា នៅតាមព្រំដែនជាមួយប្រទេសប៉ាគីស្ថាន ដែលក្រុមអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាម បានបង្ហាញខ្លួន ជាលើកដំបូង នៅចុងឆ្នាំ 2014 ៕