ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៧ កម្ពុជាសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ច
ប្រមាណ ៧% នៃផលិតផលក្នុងស្រុកសរុប ហើយចំណូលក្នុង១ឆ្នាំសម្រាប់ មនុស្សម្នាក់បានកើនដល់ ១៤៣៤ដុល្លារអាមេរិក ដែលសន្ទុះកំណើនសេដ្ឋ
កិច្ចប្រកបដោយសុទិដ្ឋិនិយមនេះ អាចសម្រេចទៅបានក៏អាស្រ័យដោយ សារមានការចូលរួមចំណែកពីការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យ ទេសចរណ៍ផងដែរ។
នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក
ថោង ខុន ក្នុងឱកាសដែលឯកឧត្តមទទួលការតែងតាំងជាសមាជិកបណ្ឌិត
សភាទេសចរណ៍អឺរ៉ុប ពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប កាល ពីម្សិលមិញ។ លោករដ្ឋមន្ត្រីថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាល
កម្ពុជាចាត់ទុកជាមាសបៃតងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើត ការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងដើរតួនាទីយ៉ាង សំខាន់ជាការនាំចេញនៅនឹងកន្លែង និងចូលរួមទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់។ ជាក់ស្តែងឆ្នាំ២០១៧ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៥,៦លាននាក់ កើនឡើង ១១,៨% នាំប្រាក់ចំណូលប្រមាណ ៣៦៣៨លានដុល្លារចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែក ១៣% នៃ ផលិតផលក្នុងសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង៦២ម៉ឺននាក់។
ដោយឡែកក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួល បានទេសចរអន្តរជាតិប្រមាណ ២.៦ លាននាក់ កើនឡើង ១៣.៥% ធៀប រយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ហើយតាមការព្យាករណ៍កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,២លាននាក់នៅឆ្នាំ២០១៨ និង ៧លាន
នាក់នៅឆ្នាំ២០២០ នាំមកនូវចំណូលប្រមាណ ៥ពាន់លានដុល្លារ បង្កើតនូវ ឱកាសការងារដោយផ្ទាល់ ១លាននាក់ ហើយនៅឆ្នាំ២០៣០ កម្ពុជាអាច នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ ដោយនាំមក នូវចំណូលសរុប ១០ពាន់លានដុល្លារ បង្កើតនូវឱកាសការងារប្រមាណ ២ លាននាក់៕