កូរ៉េ ៖ ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបើកកិច្ចចរចាយោធា ចំពេលមានការកើនឡើង ភាព តានតឹង បន្ទាប់ពីសហរដ្ឋអាមេរិកបានរកឃើញសកម្មភាពថ្មី នៅរោងចក្រមីស៊ីលកូរ៉េ ខាងជើង។
កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកទី 2 ចាប់តាំងពីខែមិថុនា ដែលបានធ្វើឡើងនៅក្នុងភូមិព្រំប្រទល់ ប៉ាន់មុនជុំ នៅតំបន់គ្មានយោធា ត្រូវបានរៀបចំឡើង ដើម្បីបន្តពីកិច្ចប្រជុំកំពូលអន្តរកូរ៉េមួយ កាលពី ខែមេសា ដែលមេដឹកនាំប្រទេសកូរ៉េទាំងពីរ បានយល់ព្រមលុបបំបាត់ភាពតានតឹង និងបញ្ឈប់គ្រប់រាល់សកម្មភាពជម្លោះទាំងឡាយ ។
ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង បាននិយាយកាលពីសប្តាហ៍មុនថា ក្រសួងគ្រោងនឹងកាត់បន្ថយប៉ុស្តិ៍យាមល្បាត និងគ្រឿងបរិក្ខារ តាមបណ្តោយព្រំដែន មានកំផែងរឹងមាំ ដែលជាជំហានដំបូង ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា កាលពីថ្ងៃចន្ទកន្លងទៅនេះ ផ្កាយរណបស៊ើប ការណ៍ របស់សហរដ្ឋអាមេរិក បានរកឃើញសកម្មភាពថ្មី នៅរោងចក្រកូរ៉េខាងជើង ដែលផលិតមីស៊ីល ផ្លោងឆ្លងទ្វីបដំបូងគេ របស់ប្រទេសនេះ ដែលមានសមត្ថភាព វាយប្រហារទៅដល់សហរដ្ឋអាមេរិក៕