ខេត្តកណ្តាល: មុខសញ្ញាចោរលួចម៉ូតូម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលខេត្តតាកែវធ្វើការចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចយកម៉ូតូរបស់បុរសម្នាក់ដែលមានដាក់ប្រព័ន្ធសុវត្ថិភាព GPS នៅចំណុច ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្តាលកាលពីវេលាម៉ោង ជាង៣រសៀល ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ ហើយជិះទៅសំងំលាក់ខ្លួននៅក្នុងផ្ទះរបស់គេឯខេត្តតាកែវ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ អេម សំអាត ភេទប្រុសអាយុ៤៩ឆ្នាំ មានទីលំនៅភូមិត្រពាំវែងឃុំបឹងត្រាញ់ខាងត្បូងស្រុកសំរោងខេត្តតាកែវ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ជឿន ភេទប្រុសអាយុ៤០ឆ្នាំ មានទីលំនៅភូមិថ្នល់ទទឹងឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រោយចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០០៧ ពណ៌ខ្មៅស្លាកលេខកណ្តាល 1E-4186 (របស់ជនរងគ្រោះ) ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ បាននាំប្រពន្ធកូនចូលសម្រាកដូចសព្វមួយដង លុះព្រឹកឡើងម៉ោងប្រហែល៦ព្រឹក ថ្ងៃកើតហេតុ ជនរងគ្រោះបានក្រោកពីដេកស្រាប់តែបាត់ម៉ូតូភ្លាមនោះខ្លួន ក៏បានទាញទូរស័ព្ទដើម្បីឆែក GPS ស្រាប់តែមានសញ្ញាចង្អុលតាមផ្លូវជាតិលេខ៣ ខ្លួនក៏បានហៅមិត្តភ័ក្រម្នាក់ទៀត ហើយក៏បើកឡានតាមរកម៉ូតូតាមសញ្ញាបង្ហាញរបស់GPSនិងបានរាយការណ៍ជូនសមត្ថកិច្ច ។
ដោយបានកិច្ចសម្របសម្រួលនិងដឹកនាំរបស់លោកឯក ស៊ុនរស្មីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្ដាលនិងសាលាដំបូងខេត្តតាកែវ បានការចង្អុលដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរង ខេត្តកណ្ដាលនិងឧត្តមសេនីយ៍ទោស្នងការខេត្តតាកែវ ការិ.ព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានតាម រុករកស្រាវជ្រាវ កំណត់មុខសញ្ញា ឈានដល់ចាប់បានជនសង្ស័យដែលបានរត់គេចខ្លួន មកសំងំនៅក្នុងផ្ទះ ហើយត្រូវបាន កងកម្លាំង ព័ទ្ធឆែកឆេរ រកចាប់បាន និង រកឃើញ ម៉ូតូ១គ្រឿងជារបស់ជនរងគ្រោះ និងសម្ភារ មួយចំនួនទៀតសម្រាប់ធ្វើសក្មភាពលួចម៉ូតូ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី។ រីឯម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើឯកសារ រួចប្រគល់ជូនជនរងគ្រោះវិញ ៕