ថៃ ៖ នាយករដ្ឋមន្ត្រី ថៃ លោក ប្រាយុទ្ធ ចាន់-អូ-ចា និយាយថា រដ្ឋាភិបាលបានស្នើដល់ ចក្រភពអង់គ្លេស ឲ្យធ្វើបត្យាប័នលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ទៅកាន់ប្រទេស ថៃ វិញ ជាអ្នកដែលបានគេចខ្លួនកាលពីខែ សីហា ឆ្នាំ 2017 មុនពេលតុលាការសម្រេចសាលក្រមក្នុងករណីធ្វើឲ្យរដ្ឋាភិបាលខាតបង់ប្រាក់ច្រើនពាន់លានដុល្លារ ក្នុងកម្មវិធីទិញស្រូវ អំឡុងពេលដែលលោកស្រីកាន់ដំណែងជានាយករដ្ឋមន្ត្រី ។
លោកស្រី យីងឡាក់ ត្រូវបានគេដឹងថា កំពុងរស់នៅក្នុងប្រទេស អង់គ្លេស ជាមួយបងប្រុស លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតៈនាយករដ្ឋមន្ត្រីមានឥទ្ធិពលបំផុតក្នុងចំណោមប្រជាជននៅជនបទ ប៉ុន្តែត្រូវបានទម្លាក់ពីដំណែងក្នុងរដ្ឋប្រហារក្នុងឆ្នាំ 2006 និងរស់នៅនិរទេសខ្លួនឯបរទេស ។ ចំណែកលោកស្រី យីងឡាក់ បានក្លាយជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតឆ្នាំ 2011 និងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេស ថៃ និងជានាយករដ្ឋមន្ត្រីក្មេងបំផុតរបស់ប្រទេសនេះក្នុងរយៈពេល 60 ឆ្នាំ ប៉ុន្តែលោកស្រី យីងឡាក់ ត្រូវបានទម្លាក់ពីដំណែងក្នុងរដ្ឋប្រហារខែ ឧសភា ឆ្នាំ 2014 ដោយសារតែកម្មវិធីទិញស្រូវពីប្រជាជន ធ្វើឲ្យរដ្ឋាភិបាលខាតបង់ប្រាក់ច្រើនពាន់លានដុល្លារ ។ វិបត្តិនយោបាយ 10 ឆ្នាំ ក្នុងប្រទេស ថៃ ត្រូវបានគេមើលឃើញថាជាទំនាស់រវាងត្រកូល ថាក់ស៊ីន និង ឥស្សរៈជនក្នុងទីក្រុង បាងកក ដែលគាំទ្រដោយមហាក្សត្រ និង យោធា ។
ទំនាស់បាននាំឲ្យមានបាតុកម្មទ្រង់ទ្រាយធំនៅចុងឆ្នាំ 2013 ហើយលោកស្រី យីងឡាក់ បានស្នើរំលាយសភានៅខែ ធ្នូ ដើម្បីបោះឆ្នោតមុនអាណត្តិ ប៉ុន្តែតុលាការកំពូលបានដកហូតដំណែងលោកស្រី យីងឡាក់ ក្នុងដំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះ ក្រោមបទចោទប្រកាន់បំពានអំណាច រដកហូតតួនាទីប្រធានភ្នាក់ងារស៊ើបអង្កេត ។ មុនពេលសវនាការខែសីហាឆ្នាំ2017, លោកស្រី យីងឡាក់ បានភៀសខ្លួនចេញពីប្រទេស ហើយតុលាការបានកាត់ក្ដីដោយកំបាំងមុខ ឲ្យជាប់ពន្ធនាគារ 5 ឆ្នាំ ដែល បច្ចុប្បន្ន លោកស្រី យីងឡាក់ រស់នៅនិរទេសខ្លួនក្នុងប្រទេស អង់គ្លេស ៕