រាជធានីភ្នំពេញ៖ សមាគមអាដហុក បានសម្តែងក្តីកង្វល់ របស់ខ្លួន ជុំវិញការកើនឡើងនូវករណី នៃការជួញដូរមនុស្ស ក្រោមរូបភាពរៀបការជាមួយបុរសជនជាតិចិន។ ករណីនេះ បានកើនពី ៨ករណី ដែលមានជនរងគ្រោះ ចំនួន ៨នាក់ ក្នុងឆ្នាំ ២០១៣ ឡើងដល់ ២៦ករណី ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៤ ដែលមានជនរងគ្រោះចំនួន ២៩នាក់។ នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃពុធទី៣០កក្កដានេះ នៅទីស្នាក់ការ របស់ខ្លួន អង្គការអាដហុក បានរកឃើញថា បញ្ហាដែលនាំឲ្យស្ត្រីរងគ្រោះទាំងនោះសម្រេចចិត្តរៀបការជាមួយបុរស ជនជាតិចិន គឺបណ្តាលមកពីកង្វះទីផ្សារការងារ ការបាត់បង់ដីធ្លី និងការជំពាក់បំណុលគេជាដើម។
ជាមួយគ្នានេះ ស្ត្រីរងគ្រោះម្នាក់ក្នុងចំណោមស្ត្រីរងគ្រោះ៣នាក់ផ្សេងទៀត ដែលបានបង្ហាញខ្លួនក្នុងសន្និសីទកាសែតដែរនោះ បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ដោយសារកក្តាជីវិភាពគ្រួសារក្រក្រីខ្លាំងពេក ហើយដោយមានការលួងលោមពីមេខ្យល់ផងនោះ នាងក៏សម្រេចចិត្តរៀបការជាមួយជនជាតិចិន ដោយសង្ឈឹមថា នឹងមានជីវភាពល្អប្រសើរនៅបរទេស។
ផ្ទុញទៅវិញ ស្ត្រីរងគ្រោះរូបនេះ បានចាញ់បោកមេខ្យល់ ហើយគេយកនាងទៅលក់បន្តពេលទៅដល់ប្រទេសចិន។ នាងបានបន្តទាំងទឹកភ្នែកថា នាងត្រូវបានគេបង្ខំឲ្យរួមភេទដោយហិង្សា ហើយត្រូវគេឃាត់ឲ្យនៅក្នុងតែបន្ទប់ ដោយពុំអនុញ្ញាត្តិឲ្យចេញទៅណាឡើយ។ ទោះជាយ៉ាងណា ស្ត្រីរងគ្រោះបានព្យាយាមរត់គេចខ្លួនចំនួនពីរលើក ដោយស្វែងរកស្ថានទូតខ្មែរជួយអន្តរាគមន៍ដែរ ក៏ប៉ុន្តែខាងស្ថានទូតខ្មែរប្រចាំប្រទេសចិនបែរជាព្រងើយកន្តើយចំពោះ បញ្ហានេះទៅវិញ។
ជាមួយគ្នានេះ អង្គការអាដហុក បានឲ្យដឹងថា ជនរងគ្រោះដែលចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសជនជាតិចិន បានជួបនូវបញ្ហាមួយចំនួនដូចជា ការធ្វើទារុណកម្ម ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ការបង្អត់អាហារ និងការបង្ខំឲ្យធ្វើការដូចជាទាសករជាដើម។ សេចក្តីថ្លែងការណ៍បានបន្តរថា ពេលស្ត្រីខ្មែរដែលជាជនរងគ្រោះ បានរត់ទៅដល់ស្ថានទូត ឫស្ថានកុងស៊ុលខ្មែរប្រចាំនៅទីនោះ ដើម្បីសុំអន្តរាគមន៍ តែមន្ត្រីស្ថានទូតទាំងនោះ មិនយកចិត្តទុកដាក់ចេញមុខដោះស្រាយឡើយ។ ផ្ទុយទៅវិញ បែរជាទុកឲ្យពួកគាត់ឈរនៅមុខស្ថានទូត ក្រោមធាតុអាកាសត្រជាក់ និងមូលខាំ ថែមទាំងមិនមានថវិការជាប់នឹងខ្លួនសម្រាប់ទិញអាហារ ព្រោះមិនហ៊ានចេញពីមុខស្ថានទូត ដោយខ្លាចអាជ្ញារធរចិនចាប់ខ្លួន។
ដោយណែនាំឲ្យក្រុមគ្រួសារខ្មែរជាពិសេសស្ត្រីមានការប្រយ័ត្នប្រយែង សមាគមអាដហុកបានអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានតឹងតែង ផងដែរចំពោះមេខ្យល់ដែលបានប្រប្រាស់ រូបភាពអាពាហ៍ពិពាហ៍ក្លែងក្លាយទៅប្រទេសចិន ដែលនាំឲ្យស្ត្រីខ្មែររងគ្រោះជាបន្តបន្ទាប់។ សូមបញ្ជាក់ថាកន្លងមក ក្រសួងមហាផ្ទៃបានសម្តែងនូវការចាប់អារម្មណ៍ចំពោះបញ្ហានេះដែរដោយ ហើយបញ្ជាក់ថា ការរៀបការណាមួយជាមួយស្ត្រីខ្មែរទៅប្រទេសចិន លុះត្រាតែឆ្លងកាត់ការទទួលស្គាល់ពីស្ថានទូតចិនប្រចាំនៅកម្ពុជា៕