បន្ទាយមានជ័យ ៖ ស្នងការរងទទួកផែនសន្តិសុខខេត្តឧត្តរមានជ័យ បានអោយដឹងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នេះថា កម្លាំងនគរបាលអធិការស្រុកចុងកាល់ ពិតជាបានកោះហៅស្រ្តីម្នាក់ឈ្មោះ ជឿយ ចាន់នី អាយុ៥១ឆ្នាំ ដែលជាអាជីវករលក់បាយ និងគុយទាវ នៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុងចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងរឿង ដែលគេចោទថា បានបោះឆ្នោតពីរដង ក្នុងអំឡុងព្រឹតិការណ៍បោះឆ្នោតកាលពីពេលថ្មីៗនេះ តែមិនមែនជារឿងឃាត់ខ្លួននោះទេ។
លោកឧត្តមសេនីយ៍ត្រី ពុទ្ធ ណុប ស្នងការរងទទួលផែនសន្តិសុខបានអោយដឹងថា ក្រោយពីមានសង្គមហ្វេសបុកបង្ហោះដែលស្រ្តីម្នាក់មានស្នាមទឹកថ្នាំបោះឆ្នោតលើម្រាមដៃសង្ខាង ដោយបានសសេរថា ស្រ្តីរូបនោះបានទទួលលុយ និងបានទៅបោះឆ្នោតចំនួនពីរដង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ដោយមានបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត កម្លាំងអធិការនគរបាលស្រុកចុងកាល់ បានកោះហៅស្រ្តីឈ្មោះ ជឿយ ចាន់នី ។
លោកបានបន្តថា តាមចម្លើយសារភាពរបស់ស្រ្តីខាងលើ និងតាមការអោយដឹងពីមន្រ្តី គជប ដែលប្រចាំការរៀបចំការបោះឆ្នោតនៅស្រុកចុងកាល់ បានអោយដឹងថា នៅថ្ងៃបោះឆ្នោត ក្រោយពីដាក់សន្លឹកឆ្នោតចូលហិបឆ្នោតរួចរូបគាត់ ជឿយ ចាន់នី បានជ្រលក់ចង្អុលដៃស្តាំចូល ដបទឹកថ្នាំ តែមើលទៅពុំសូវឃើញមានទឹកថ្នាំប្រឡាក់ដៃ ព្រោះដៃរបស់គាត់ មានប្រឡាក់ខ្លាញ់ជ្រូកច្រើន ខ្លាចមិនជាប់ទឹកថ្នាំ ទើបរូបគាត់ជ្រលក់ម្តងទៀត ដែលច្រឡំដាក់ចង្អុលដៃឆ្វេងចូលក្នុងដបទឹកថ្នាំ ក៏ប្រឡាក់ជាប់តែម្តង។
លោកបានបញ្ជាក់ថា ក្រោយពីការសាកសួរ និងធ្វើការស្រាវជ្រាវពីមន្រ្តី គ ជ ប ស្រ្តីឈ្មោះ ជឿយ ចាន់នី មិនមានពាក់ព័ន្ធដូចការចោទប្រកាន់ បានទទួលលុយ ហើយបោះឆ្នោតពីរដង សមត្ថកិច្ចបានអោយត្រឡប់ទៅវិញនៅថ្ងៃដដែល។
តាមការរៀបរាប់ពីស្រ្តីឈ្មោះ ជឿយ ចាន់នី បានរៀបរាប់ថា នៅពេលជ្រលក់ដៃចូលដបថ្នាំ ដែលដៃខាងស្តាំ មានប្រឡាក់ខ្លាញ់ជ្រូកច្រើន នៅពេលលក់បាយ គុយទាវ ដោយរូបគាត់ច្រឡំដាក់ដៃឆ្វេង ជ្រលក់ចូលដបថ្នាំ ក៏ប្រឡាក់ជាប់តែម្តង។ រូបគាត់បានរៀបរាប់បន្ថែមទៀតថា មានភ្ញៀវម្នាក់នៅឯខេត្តសៀមរាប បានចូលហាងបាយ របស់គាត់ ដែលឃើញដៃគាត់មានប្រឡាក់ថ្នាំលើចង្អុលដៃសង្ខាង ហើយបានសុំថត ដោយរូបគាត់ ក៏អោយថត តែមិនបានដឹងថា គេថតយកទៅបង្ហោះ ហ្វេសបុកអ្វីនោះដែរ៕