ខេត្តក្រចេះ៖ តំបន់បឹងកូនសត្វ នាពេលបច្ចុប្បន្ននេះ កំពុងត្រូវបានក្រុមជនខិលខូចមួយក្រុមធំ ឃុបឃិតគ្នាបោះសម្រាស់ហ៊ំព័ទ្ធចាប់ត្រីយ៉ាងអនាធិបតេយ្យគ្មានសមត្ថកិច្ចណាចេញមុខបង្ក្រាបឡើយ។
ពលរដ្ឋបានរាយការណ៍ថា បទល្មើសនេសាទយ៉ាងគគ្រឹកគគ្រេងនោះ ក្រោមការបើកភ្លើងខៀវពីនាយសង្កាត់ជលផលប្រចាំស្រុកឆ្លូងលោក ប៊ុណ្ណា រ៉ាវុធ ។ចំណែកលោក ប៊ុណ្ណា រ៉ាវុធ ត្រូវគេរាយការណ៍ថា ទទួលសំណែនក្នុងមួយសម្រាស់មិនតិចជាង៤០.០០០រៀលទេ ដែលមានសរុបក្នុងតំបន់បឹងសត្វកូនទាំងអស់នោះប្រមាណជាង១០០វង់។
សេចក្តីរាយការណ៍បានបន្តទៀតថា ក្រុមឈ្មួញទាំងនោះបានកាប់ព្រៃមកធ្វើជាសម្រាស់រួមទាំងបទល្មើស ឆក់ ទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេង គ្មានសហគមន៍ណាមួយរវល់ឡើយព្រោះពួកគេទាំងអស់នោះត្រូវដងត្រូវផ្លែ ជាមួយ លោកនាយសង្កាត់ជលផលប្រចាំតំបន់នោះអស់ទៅហើយ។
ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍សូមអំពាវនាវដល់អាជ្ញាធរគ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ មេត្តចាត់វិធានការចំពោះបញ្ហានេះផង។
គួរបញ្ជាក់ថា បឹងកូនសត្វស្ថិតនៅក្នុងភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បឹងនេះជាបឹងសហគមន៍ ភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ៕