ភ្នំពេញ ៖ បន្ទាប់ពីប្រកាសលទ្ធផលនៃការបោឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ក្រុមប្រឆាំងបានចោទប្រកាន់ជាបន្តបន្ទាប់ថា លទ្ធផលការបោះឆ្នោតមិនពិត និងមានការបន្លំ។ ឆ្លើយតបនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុនសែន បានប្រើជំរើសដោយបបួលអ្នកដែលនិយាយនោះ អោយស្បថ ដាក់ជិវិត។
ថ្លែងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៦ ខែសីហានេះ សម្តេចតេជោ ហ៊ុនសែន បានបបួលអ្នកប្រឆាំង ដែលបាននិយាយថាលទ្ធផលបោះឆ្នោតជាតិឆ្នាំ២០១៨នេះ មានការបន្លំ និងបង្ខិតបង្ខំប្រជាពលរដ្ឋនោះ អោយហ៊ានស្បថដល់ដាក់ជិវិត បើសិនជាការនិយាយរបស់ខ្លួននោះពិតមែន។ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា សម្តេចក៏ហ៊ានស្បថដូចគ្នានេះដែរ ដោយចាត់ទុកការបបួលអោយស្បថនេះ គឺជាជម្រើសចុងក្រោយមួយ កុំអោយនៅតែមានអ្នកនិយាយបំប៉ោងរឿងបោះឆ្នោតនេះ។ ការបបួលស្បថដល់ដាក់ជិវិតដូចនេះ គឺក្រោយពេលដែល លោក សម រង្សី បាននិយាយតាមរយៈបណ្តាញសង្គមហ្វេកប៊ុក ដោយចោទថា លទ្ធផលបោះឆ្នោតជាតិឆ្នាំ២០១៨ដែលមានអ្នកចូលរួមបោះឆ្នោតជាង៨២ភាគរយ មានការបន្លំ និងមានការបង្ខិតបង្ខំប្រជាពលរដ្ឋជាដើម ។
សម្តេចថ្លែងថា សាសនាអ្វីក៏ដោយ មុនចូលកាន់តំណែងគឺត្រូវចូលស្បថជាមុន ! រឿងស្បថនេះ ចង់ស្នើថា ពួកអ្នកឯងហ៊ានស្បថអោយរន្ទះបាញ់ រឺអោយងាប់តៃហោងអត់ បើអ្នកឯងនិយាយថា ប្រជាពលរដ្ឋកម្ពុជាត្រូវបានគេបំផិតបំភ័យ និងបង្ខំ អោយបោះឆ្នោតកន្លងទៅ។ ខ្ញូំហ៊ានស្បថអោយងាប់តាមអ្វីដែលយមរាជកំណត់ បើសិនខ្ញូំនិយាយមិនពិត តែពួកអ្នកឯងហ៊ានស្បថដែរអត់ ទោះស្បថដោយផ្ទាល់ រឺតាមហ្វេសប៊ុកក៏ដោយ ?ការបបួលស្បថនេះ គឺជាជំរើសនៅសល់តែមួយគត់ បើអ្នកងងនៅតែបំភ្លៃការពិត។
ដើម្បីបញ្ជាក់អោយកាន់តែច្បាស់ចំពោះដំណើរការនៃរាជរដ្ឋាភិបាលថ្មីស្របច្បាប់ ក្នុងអាណត្តិទី៦ រួមនិងការបំភ្លឺលើបញ្ហាមួយចំនួន កុំអោយមានការភ័ន្តច្រឡំទៀតនោះ សម្តេចតេជោ ហ៊ុនសែន ក៏បានប្រកាសថា នឹងធ្វើសេចក្តីថ្លែងការណ៌មួយនៅអង្គការសហប្រជាជាតិ ក្រោយពេលដែលបង្កើតរាជរដ្ឋាភិបាលថ្មីរួចរាល់។ ខ្ញុំចង់ប្រាប់សារទៅអ្នកខ្លះអោយបានភ្លឺភ្នែក… ខ្ញុំនឹងទៅអង្គការសហប្រជាជាតិក្នុងសហរដ្ឋអាមេរិក និងទៅកាន់អឺរ៉ុប ដែលនៅក្បែរតុលាការអន្តរជាតិ ដើម្បីថ្លែងការណ៌បំភ្លឺថា គ្មានការទូតណាមួយដកចេញពីកម្ពុជាទេ ហើយក៏គ្មានការហាមឃាត់រឺការចាប់ខ្លួនខ្ញុំនោះទេ។
ទន្ទឹមនេះ សម្តេចតេជោ សង្ឃឹមថា នឹងអាចរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មីនេះរួចរាល់ក្នុងចុងខែសីហារឺដើមខែកញ្ញា មុនកាលកំណត់ បើសិនជាមិនមាន ការប៉ះពាលដល់ផ្នែកច្បាប់នោះទេ ដោយសម្តេចតេជោ បានបញ្ជាក់ថា បញ្ជីសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ មានចំនួនតែ៣០នាក់ ដោយមិនរាប់បញ្ចូលថ្នាក់រដ្ឋលេខាធិការទេ ហើយក៏ត្រូវបានរៀបចំក្នុងដៃជាស្រេចទៅហើយ រង់ចាំតែបញ្ជូនទៅរដ្ឋសភាប៉ុណ្ណោះ ៕