ខេត្តកំពត ៖ គម្រោងវិនិយោគដំណាំចេកសម្រាប់នាំចេញតម្លៃជាង៣២លានដុល្លារ ត្រូវបានសម្រេចអនុម័តជាផ្លូវការហើយ កាលពីសប្តាហ៍មុន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាតំណាងភាគីក្រុមហ៊ុនវិនិយោគរបស់ចិន មានទីតាំងនៅក្នុងស្រុកឈូក ខេត្តកំពត។ នេះបើតាមការប្រកាសឥ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ។
ទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅថា CDC បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវ«វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ដល់ក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD. របស់ចិន ដែលមានទឹកប្រាក់វិនិយោគជាង៣២លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់កសិផលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបង្ហាញអោយ ពីទីតាំងដែលត្រូវបង្កើតជាកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់សម្រាប់ការនាំចេញនេះដែរ គឺស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដែលផ្តល់កន្លែងធ្វើការងារបានចំនួនប្រមាណ៥៧០កន្លែង។
គួរបញ្ជាក់ថា ពូជដំណាំចេកដែលក្រុមហ៊ុនចិនវិនិយោគនេះ ជាប្រភេទពូជចេកថ្មី ដែលអាចផ្តល់ផលចាប់ពី 60ទៅ73តោន ក្នុងមួយហិកតាក្នុងមួយឆ្នាំ និងអាចប្រមូលផលបាន3ដងក្នុង2ឆ្នាំ ។ បើតាមអគ្គនាយកដ្ឋានកសិកម្ម បញ្ជាក់ថា យ៉ាងហោចណាស់ ត្រូវការពេល ២-៣ ខែទៀតទើបដំណើរការនាំចេញចេកទៅប្រទេសចិនអាចសម្រេចបានដោយកម្ពុជាត្រូវរៀបចំបែបបទមួយចំនួនទាក់ទងនឹងលក្ខខណ្ឌតម្រូវឲ្យមានការត្រួតពិនិត្យភូតគាមអនាម័យ ជាដើម។ ការត្រួតពិនិត្យភូតគាមអនាម័យ មានគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនូវសមាសភាពចង្រៃ ភូតគាមអនាម័យ និងសមាសភាពចង្រៃដែលបង្កគ្រោះថ្នាក់ពីតំបន់មួយទៅតំបន់មួយទៀត តាមគ្រប់មធ្យោបាយដើម្បីការពារអាយុជីវិតមនុស្ស សត្វ និងផលិតផលកសិកម្ម និងជីវសាស្ត្រចម្រុះ។
សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាមានកសិដ្ឋានដំណាំចេកធំៗចំនួន៣ លើផ្ទៃដីប្រមាណជិត ៥ពាន់ហិកតា នៅក្នុងខេត្តចំនួនបី គឺខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តកំពត ដែលកំពុងដាំចេកអំបូងលឿង សម្រាប់នាំចេញទៅកាន់ប្រទេសវៀតណាម៕