បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ក្នុងចំណោមគ្នាបីនាក់ ដោយសារទាស់ពាក្យសំដីក្នុងគ្រោះ ថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកទឹកកក និងរថយន្តហាលេនឌ័រ ហើយត្រូវភាគីរថយន្ត ហាលេន ឌ័រ ដកកាំភ្លើងបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
សាក្សីឲ្យដឹងថា ករណីបាញ់សម្លាប់នេះ ដោយសារភាគីទាំងពីរមានទំនាស់ពាក្យសម្ដី រឿងប៉ះពារខូចខាតរថយន្ត ហើយភាគីជនដៃដល់បានទារសំណងថ្លៃខូចរថយន្ត តែជនរងគ្រោះ ខាងរថយន្តដឹកទឹកកកប្រកែកមិនសង ទើបជនដៃដល់បានទាញកាំភ្លើងខ្លី បាញ់អ្នកបើកឡានដឹកទឹកកកស្លាប់ម្នាក់។ រហូតមកដល់ថ្ងៃទី៧ ខែសីហា នេះ សមត្ថកិច្ចមិនទាន់ចាប់បានឃាតកដៃដល់ ដែលមានគ្នីគ្នា២នាក់នោះ នៅឡើយទេ។
សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២២ នៅចំណុចវាលអន្ទង់ស ភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ មានករណីមនុស្សឃាតមួយ បង្កដោយជនសង្ស័យចំនួន ២នាក់ មិនស្គាល់អត្តសញ្ញាណ បើករថយន្តម៉ាកហាយឡែនឌ័រ មិនចាំស្លាកលេខ ១គ្រឿង មកឈប់មុខរថយន្តដឹកទឹកកក ១គ្រឿង។ដោយសាររថយន្តទាំងពីរបានបុកប៉ះទង្គិចគ្នា ហើយការជជែកដោះស្រាយមិនចុះសម្រុង ក៏បានបង្កជាអំពើហិង្សាដោយអាវុធ និងបណ្តឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងតែម្តង។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានឲ្យដឹងថា ភាគីជនរងគ្រោះមានគ្នា ៣នាក់ ជិះរថយន្តដឹកទឹកកក គឺទី១.ឈ្មោះ ពេជ្រ ភិសា ភេទប្រុស អាយុ ២៥ឆ្នាំ ជាអ្នកបើកបរ (ស្លាប់) ទី២.ឈ្មោះ ហេង ឡិច ភេទប្រុស អាយុ ២០ឆ្នាំ និង៣.ឈ្មោះ ប៊ូ ចន្ធី ភេទប្រុស អាយុ ២៧ឆ្នាំ។ អ្នកទាំងបីមានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។ចំណែកភាគីជនសង្ស័យបានប្រើកាំភ្លើងខ្លី បាញ់សំដៅជនរងគ្រោះដែលកំពុងអង្គុយ នៅលើឡាន បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ នៅតាមផ្លូវពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ទៀតថា មូលហេតុនៃករណីនេះ គឺបណ្តាលមកពីភាគីទាំងពីរបានទាស់ពាក្យសម្ដីនឹងគ្នា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តប៉ះគ្នា ហើយជនសង្ស័យភាគីរថយន្តហាលេនឌ័រ ជំរុញឲ្យភាគីរថយន្តដឹកទឹកកក សងថ្លៃខូចខាត តែត្រូវជនរងគ្រោះប្រកែកមិនព្រមសង ដោយទាមទារយកត្រូវរៀងៗខ្លួន ធ្វើឲ្យភាគីរថយន្តហាលេនឌ័រ ខឹងសម្បារក៏ទាញកាំភ្លើងបាញ់សំដៅលើជនរងគ្រោះតែម្តង។ បន្ទាប់ពីបាញ់រួច ជនសង្ស័យ បានបើករថយន្តគេចខ្លួនបាត់។
ករណីនេះ សមត្ថកិច្ចជំនាញ កំពុងត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យ ដើម្បីនាំមកចាត់ការបន្តតាមនីតិវិធី៕ សុផល