បាត់ដំបង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងកម្រជួប ប្រទះមួយ បានកើតឡើងដោយរថយន្តបង្កម៉ាកនីសាន់បុកបំប៉ើងជនរងគ្រោះដែលជិះម៉ូតូហុងដា ម៉ាកឃ្លីក(Click)មួយគ្រឿង បណ្តាលឲ្យជនរងគ្រោះប៉ើងបាត់ដោយមិនបានបន្សល់ទុកសាកសពនៅលើកំណាត់ផ្លូវកើតហេតុនោះឡើយ ហើយម្ចាស់រថយន្តបង្កហេតុបានបន្តបើករត់ជិត២០គីឡូម៉ែត្រទើបឈប់ ក្រោយពីដឹងថា សពជនរងគ្រោះប៉ើងទៅទើរនៅក្នុងទ្រុងខាងក្រោយរថយន្ត។
យោងតាមរបាយការណ៍ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយនេះ បានកើតឡើងនៅវេលាម៉ោង៩.០៥នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៦០-២៦១ នៅត្រង់ចំណុចក្រុមទី៤ក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ឡាត សាមៀន អាយុ២២ឆ្នាំ រស់នៅភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ខណៈពេលដែលជនរងគ្រោះជិះម៉ូតូច្រាស់ទិសគ្នា (ពីបាត់ដំបងទៅមោង)។ឯ រថយន្តបង្ក បានបើកពីទឹសខាងកើតទៅលិច(មោងទៅ បាត់ដំបង) ។នេះបើយោងតាមការត្រួតពិនិត្យនិងផ្អែកតាមលក្ខណៈបច្ចេកទេសលើដានកង់រថយន្ត៖ បង្ហាញថាខាងភាគីរថយន្តជាអ្នកបង្កដោយរ៉េចង្កូតចូលចំណែកផ្លូវរបស់ភាគីខាងម៉ូតូហើយបានបុកគ្នាយ៉ាងពេញទំហឹង នៅក្នុងហេតុការណ៍បើកបរក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិចនេះ ភ្លាមៗ។
ក្នុងហេតុការណ៍កើតឡើងភ្លាមៗ អ្នកស្រុកបាននាំគ្នារកជនរងគ្រោះនៅកន្លែងកើតហេតុ តែរកមិនឃើញជនរងគ្រោះដែលជាម្ចាស់ម៉ូតូឡើយ ដោយបន្សល់នៅតែម៉ូតូ ដែលរងការខូចខាតស្ទើរទាំងស្រុង រីឯភាគីខាងរថយន្តបានបើកគេចខ្លួនបាត់។
ដោយឡែកក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍រាប់ពាន់ ម៉ឺនករណី មិនធ្លាប់មានដូចករណីនេះទេ គឺសមត្ថកិច្ចបានរកឃើញរថយន្តបង្ក ហេតុដែលបានបើករត់គេចខ្លួនក្រោយកើតហេតុរបស់ភាគីរថយន្តបង្កនេះ ដែលបានយកមកផ្លុងចោលនៅចម្ងាយផ្លូវប្រមាណជា ២០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ស្ថិតនៅចំណុច ភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ។
ក្រោយពេលដែលសមត្ថកិច្ចចុះត្រួតពិនិត្យរថយន្តខាងលើ ក៏បានកំណត់អត្តសញ្ញាណរថយន្តថា ជារថយន្តបង្ក និងបានប្រទះឃើញជនរងគ្រោះម្ចាស់ម៉ូតូ បានដេកស្លាប់នៅលើទ្រុងផ្នែកខាងក្រោយរថយន្តបង្កហេតុទៅវិញ។ ដែលសមត្ថកិច្ចបានកំណត់ថា៖ ហេតុការបុកនេះ ជនរងគ្រោះបានប៉ើងពីម៉ូតូធ្លាក់ចូលទ្រុងរថយន្តតែម្តងសូម្បីម្ចាស់រថយន្តបង្កក៏មិនដឹង។
សូមបញ្ជាក់ថា រថយន្តដែលបង្កនេះម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបាត់ដំបង២A៤៨២០ចំណែកឯម៉ូតូម៉ាកឃ្លីក”ពណ៌ស”ពាក់ស្លាកបាត់ដំបង១AA- ៨៧៥៩។
ឯរថយន្តបង្កសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យប៉ូលីសចរាចរណ៍ខេត្តហើយសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារសព៕