ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយ ជាលើកដំបូងនៅឆ្នេរសមុទ្រក្នុងខេត្តកំពត ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមបើកការសាងសង់ហើយ ដោយត្រូវចំណាយថវិកាប្រមាណ៨លានដុល្លារអាមេរិក ប្រើប្រាស់កម្ចីពីធនាគារ ADB។
គម្រោងកំពង់ផែទេសចរណ៍ថ្មីមួយ ក្នុងខេត្តកំពត បានចាប់ផ្តើមនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក ជាវ តាយ អភិបាលខេត្តកំពត រួមនិងវត្តមានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ដែលជាម្ចាស់ជំនួយគម្រោងនេះផងដែរ។ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ត្រូវចំណាយថវិកាប្រមាណ៨លានដុល្លារអាមេរិក គឺស្ថិតក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានទីតាំងក្នុង ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។
លោក ជាវតាយ អភិបាលខេត្តកំពត បានចាត់ទុកគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទេសចរណ៍តាមផ្លូវទឹកពីប្រទេសនានាមកកាន់ខេត្តកំពត ។ លោកបង្ហាញថាខេត្តកំពត មានរមណីយដ្ឋានទេសចរណ៍17កន្លែងនិងសហគមន៍ទេចរណ៍ចំនួន4កន្លែង ដែលមានគោលដៅទាក់ទាញផ្សេងៗគ្នា។ ចំណែកសេវាស្នាក់នៅក្នុងខេត្តកំពត មានចំនួន220កន្លែង។ ទន្ទឹមនេះ លោក ថោងខុន ក៏បានចាត់ទុក កាសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺជាប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តកំពត។
លោក ថោងខុន បង្ហាញថា ក្នុងរយពេល6ខែដើមឆ្នាំ2018នេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា3លាននាក់ គឺកើនឡើង13%។
បើតាមការព្យាកណ៍នាឆ្នាំ2020កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ7លាននាក់ដែលនឹងផ្តល់ចំណូល ប្រមាណជាង5ពានលានដុល្លារអាមេរិក រួមនិងផ្តល់ ការងារផ្ទាល់ក្នុងស្រុកបានប្រមាណជាង1លាននាក់ថែមទៀត។
បើតាមប្រភពពីមន្ទីរទេសចរណ៍ខេត្តកំពត នាពេលកន្លងមក បានអោយដឹងថា តាមការគ្រោងទុកកំពង់ផែនេះអាចនឹងសាងសង់ចប់រួចរាល់ នាចុងឆ្នាំ២០១៩ ដែលពេលនោះនឹងធ្វើអោយកំពង់ផែទេសចរណ៍ថ្មីនេះ អាចទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសនានាបន្ថែមទៀត ជាពិសេសពីប្រទេសវៀតណាម និងប្រទេសថៃ ខណៈដែល ឯ.ឧ. ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានថ្លែងថា កំពង់ផែទេសចរណ៍ខេត្តកំពតនេះ នឹងអាចឲ្យភ្ញៀវទេសចរឆ្លងកាត់បានចំនួន១លាន៥សែននាក់ក្នុង១ឆ្នាំ។ ម្យ៉ាងវិញទៀត កំពង់ផែទេសចរណ៌អន្តរជាតិនេះ អាចតភ្ជាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ តាមរយៈនាវាល្បឿនលឿន និងនាវាទេសចរណ៍ខ្នាតធំ ដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់អ្នកទេសចរណ៌ មានបំណងចង់បន្តដំណើរពីតំបន់មួយទៅតំបន់មួយទៀតដូចជា ពីខេត្តកំពត ទៅភ្នំបូកគោ ខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម ។
កំពង់ផែថ្មីនេះ ក៏ជាផ្នែកមួយដែលជួយស្រូបយកភ្ញៀវទេសចរអឺរ៉ុបកាន់តែច្រើនផងដែរ ព្រោះវាផ្ដល់នូវសេវាកម្មទេសចរណ៍ជាកញ្ចប់ ដែលនាំភ្ញៀវទេសចរពីខេត្តកំពត ទៅកាន់កោះ Phu Quoc (កោះត្រល់) ប្រទេសវៀតណាម និងដែនសមុទ្រប្រទេសថៃទៀតផង ។
គួរបញ្ជាក់ថា ទិន្នន័យអ្នកទេសចរមកកាន់ខេត្តកំពត កាលពីក្នុងឆ្នាំ២០១៧ មានចំនួនសរុបជាង ១លាន ៦សែននាក់ ក្នុងនោះ ភ្ញៀវទេសចរណ៌ជាតិមានជាង ១លាន៤សែន និងអ្នកទេសចរបរទេស ជាង១៦ម៉ឺននាក់ ។ ក្នុងចំណោមភ្ញៀវទេសចរជាង៧០ជាតិសាសន៍ដែលមានវត្តមានក្នុងខេត្តកំពតនេះ គឺភ្ញៀវជនជាតិវៀតណាមស្ថិតក្នុងលំដាប់ទី១ ខណៈបារាំងលំដាប់ទី២, អង់គ្លេសលំដាប់ទី៣, អាល្លឺម៉ង់លំដាប់ទី៤ និងអាមេរិកលំដាប់ទី៥ ៕