កំពង់ស្ពឺ៖ស្ត្រីជាប្រពន្ធត្រូវបានរទេះសង្កត់ពីលើរហូតដល់បាត់បង់ជីវិតចោលប្តីនិងកូន ខណៈបររទេះគោដើរលក់ ក្អម ចង្ក្រានដី និងឥវ៉ាន់ផ្សេងៗទៀត ពីខេត្តកំពង់ឆ្នាំង រហូតចូលដល់ខេត្តកំពង់ស្ពឺ តែសំណាងអាក្រក់ជួបមេឃធ្លាក់ភ្លៀងធំ ផ្លូវរអិលបណ្តាលអោយក្រឡាប់រទេះគោសង្កត់តែម្តង តែបុរសជាប្តីរបួសស្រាលប៉យណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ រសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំចំណុចភូមិអណ្ដូងចំបក់ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុនោះមេឃមានភ្លៀងធ្លាក់ខ្លាំងហើយបុរស២នាក់ប្តីប្រពន្ធដែលមានមុខរបរលក់ ក្អម ចង្ក្រានដី និងរបស់របរជាច្រើនមុខថែមទៀតផងនោះ បានធ្វើដំណើរគោដៅចេញពីខេត្តកំពង់ស្ពឺ គោលបំណងត្រឡប់ទៅផ្ទះនៅឯខេត្តកំពង់ឆ្នាំងវិញ ប៉ុន្តែសំណាងអាក្រក់ មេឃភ្លៀង ផ្លូវរអិល និងមានជង្ហុកជ្រៅៗផងនោះ បណ្តាលអោយ ក្រឡាប់រទេះគោដឹកសង្កត់លើស្ត្រីជាប្រពន្ធបណ្ដាលឲ្យស្លាប់។ ជនរងគ្រោះឈ្មោះ យីម រ៉េនភេទស្រី៥៣ឆ្នាំ មុខរបរលក់ដូរតាមរទេះ រស់នៅភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះប៉ុល ស៊ុយ អាយុ៥៨ឆ្នាំជានាក់បរទេះគោត្រូវជាប្ដីរស់នៅជាមួយគ្នា។
តាមសម្តីរបស់បុរសជាប្តីឈ្មោះ ប៉ុល ស៊ុយ បានរៀបរាប់ទាំងទឹកភ្នែកនៅចំពោះមុខអ្នកចោមរោមមើលហេតុការណ៍នោះថា« ហេតុអ្វីបានជាព្រហ្មលិខិតមកបំបែកប្រពន្ធរបស់គាត់ចេញពីគាត់អោយរស់នៅក្នុងជីវភាពក្រីក្រ ណាមួយកូនច្រើនថែមទៀតផង ជិតទៅដល់ផ្ទះហើយ ( ម៉ែវាៗ ក្រោកឡើង )»។
បុរសជាប្តី បាននិយាយទាំងទឹកភ្នែកប្រាប់អ្នកព័ត៌មានថា គាត់មានមុខរបរដើរលក់ដូរ ក្អម ចង្ក្រានធ្វើពីដី និងឥវ៉ាន់គួបផ្សំមួយចំនួនទៀត ជាមួយប្រពន្ធកំសត់របស់គាត់ជិត២០ឆ្នាំមកហើយ។សម្ភារៈទាំងអស់នោះ គាត់ទិញបណ្តាក់ ពីអ្នកភូមិជាមួយគ្នាពេលលក់បាន ហើយត្រឡប់ចូលស្រុកវិញទើបសងបំណុលគេ នៅសល់ តិចតួចអោយកូនរៀនសូត្រ និងទិញអង្ករដាំបាយហូតចិញ្ចឹមក្រុមគ្រួសារុ។ ការបររទេះដើរលក់នេះទៀត បានចេញពីភូមិ ស្រុកយ៉ាងតិចកន្លះខែ ឬ១ខែទើបត្រឡប់ទៅផ្ទះមើលកូន និងផ្ទះ ម្តង ហើយពេលនេះ គាត់លក់ឥវ៉ាន់អស់ហើយធ្វើដំណើរពីខេត្តកំពង់ស្ពឺតាមរទេះគោដូចធម្មតាបំណងត្រឡប់ទៅផ្ទះវិញ ហើយក៏ស្រាប់តែជួបមេឃធ្លាក់ភ្លៀងកណ្តាលផ្លូវ ដែលមានជង្ហុកធំផងនោះ ក៏ស្រាប់តែក្រឡាប់រទេះបណ្តាលអោយរទេះសង្កត់លើប្រពន្ធរបស់គាត់ស្លាប់ចោលគាត់និងកូនៗតែម្តង។
ក្រោយកើតហេតុនគរបាលចុះពិនិត្យពិតជារទេះក្រឡាប់សង្កត់មែនរួចបានប្រគល់សពអោយប្តីស្ត្រីខាងលើ។បុរសជាប្តី បានដឹកសពប្រពន្ធទៅផ្ទះនៅស្រុកកំណើត ខេត្តកំពង់ឆ្នាំង ដើម្បី ធ្វើបុណ្យតាមប្រពៃណី៕