ភ្នំពេញ ៖ ខណៈបុរសជាប្តីជាប់រវល់ក្នុងរបរជំនួញជួញដូរដឹកឥវ៉ាន់ឡើងចុះកម្ពុជា ថៃ ស្រាប់ តែស្ត្រីជាប្រពន្ធបានលួចបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកជាមួយប្រុសផ្សេងយ៉ាងរំភើយ ប៉ុន្តែអាថ៌កំបាំងនេះ ត្រូវបានប្តីលួចតាមដានរាល់សកម្មភាពនៃទង្វើផិតក្បត់ រហូតដល់ដឹងថា ប្រពន្ធរបស់ខ្លួនលួចរៀបពិធីសែនព្រេន ដោយស្ងាត់ៗជាមួយប្រុសថ្មីនោះទៀតផង។ នេះបើតាម ការបញ្ជាក់ឲ្យដឹងពីបុរសជាប្តី ក្នុងគ្រាដែលបានតាមទាន់ជាក់ស្តែងករណីស្ត្រីជាប្រពន្ធ និងប្រុស ស្នេហ៍ នៅក្នុងផ្ទះរបស់ខ្លួនតែម្តង។
ហេតុការណ៍តាមទាន់អំពើផិតក្បត់នេះ កើតឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ដោយប្តីតាមទាន់ប្រុសស្នេហ៍កំពុងនៅក្នុងផ្ទះរបស់ខ្លួន លេខ៣៦ សេ២០ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ហើយស្រែកឆោឡោ កើតជាជម្លោះឈ្លោះប្រកែកគ្នាមួយប្រ៉ាវយ៉ាងខ្លាំងផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចក៏ចុះទៅអន្តរាគមន៍ ហៅនាំភាគីទាំង៣នាក់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាល ។
សមត្ថកិច្ចឲ្យដឹងថា ភាគីខាងប្រពន្ធមានឈ្មោះ ប្រាក់ ឆវី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ កាត់ដេរ រស់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ចំណែកភាគីខាងប្តី មានឈ្មោះ សៀ គឹមលី អាយុ៣៧ឆ្នាំ មុខរបរ អ្នកជំនួញឆ្លងទៅមក ខ្មែរ-ថៃ រស់នៅផ្ទះកើតហេតុ។ ដោយសារតែក្នុងរយៈពេល៤ខែនេះ ចេះតែមានបញ្ហាក្នុងគ្រូសារ បុរសជាប្តី ច្រើនតែទៅស្នាក់នៅផ្ទះរបស់បងផ្សេងទៀត ។
ដោយឡែក ភាគីខាងប្រុសស្នេហ៍ របស់ស្ត្រីខាងលើ ឈ្មោះ ឯក ណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ សន្តិសុខ មានស្រុកកំណើត ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាស្រុកកំណើតជាមួយស្រីស្នេហ៍ ។
ប្រភពដដែលបន្តថា តាមភាគីខាងប្តីបានឲ្យដឹងថា គាត់បានរៀបការនិងរស់នៅជាមួយគ្នាអស់រយៈពេល១០ឆ្នាំមកហើយ ដោយប្រកបមុខរបរ ជាអាជីវករ ទាំង២នាក់ ហើយមានកូនស្រីម្នាក់ជាចំណងស្នេហ៍ អាយុ៧ឆ្នាំហើយ ។ បុរសខាងលើបន្តទៀតថា ការរស់នៅក្នុងគ្រួសារមួយនេះ គ្រាដើមឡើយរាសីខ្ពស់ត្រដែត មុខរបរ រកស៊ីចេះតែរីកចម្រើនឡើង។ ដោយមហិច្ឆតាចង់មានចង់បាន ខ្លួនបានពង្រីកមុខរបរ បន្ថែមដោយជំនួញជួញដូរដឹកឥវ៉ាន់ពីប្រទេសថៃ មកកម្ពុជា ហើយមុខរបរនេះ បានបន្តអស់រយៈពេលជិត១ឆ្នាំ ។
បុរសជាប្តីបន្តថា ស្របពេលដែលខ្លួនមិនសូវបាននៅផ្ទះ រយៈពេល៤ខែចុងក្រោយនេះ ពោលក្នុងអំឡុង ខែមិនា ឆ្នាំ២០១៨ ស្រាប់តែឃើញប្រពន្ធរបស់ខ្លួន បញ្ចេញអាកប្បកិរិយាប្លែកៗ ចេះតែដុកដាន់រករឿងនេះ រឿងនោះមិនសូវលោះពេល ធ្វើឲ្យក្នុងគ្រួសារកើតជាវិវាទទំនាស់ សេចក្តីសុខ សុភមង្គល គ្រួសាររលាយបាត់អស់ ។
ទង្វើសកម្មភាពប្លែកៗស្តែងចេញឡើង របស់ប្រពន្ធ ធ្វើឲ្យខ្លួនកាន់តែងឿងឆ្ងល់ ទីបំផុត ក្រោយពីតាមដានដឹង ថាប្រពន្ធខ្លួន លួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសផ្សេង ខណៈដែល ខ្លួននិងប្រពន្ធនៅមិនទាន់លែងលះដាច់ស្រឡះ ហើយហ៊ានដឹកនាំបុរស ចូលមកស្នាក់អាស្រ័យដល់ក្នុងផ្ទះទៀត ទើបវេលាម៉ោង៧យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នេះ ក្នុងគ្រួសារផ្ទុះជម្លោះដោយសារឃើញជាក់នឹងភ្នែកប្រុសស្នេហ៍នៅក្នុងផ្ទះជាមួយនិងប្រពន្ធរបស់ខ្លួន ក៏ស្រែកឆោឡោឡើអ ផ្អើលអ្នកជិតខាង ផ្អើលទាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ ។
តាមសម្តីភាគីខាងប្រពន្ធវិញ បានឲ្យដឹងយ៉ាងខ្លីក្នុងពេលផ្ទុះជម្លោះនោះថា មូលហេតុមកពីប្តីចុះចោលផ្ទះ៤ខែមកហើយ ទើបកើតរឿងនេះ ។
សមត្ថកិច្ចប៉ុស្តិ៍ត្រពាំងក្រសាំង កំពុងសម្របសម្រួលបញ្ហានេះ ប៉ុន្តែមិនទាន់ដឹងថា តើភាគីក្នុងជម្លោះនេះ ឯកភាពថាត្រូវដោះស្រាយបែបណានៅឡើយទេ៕