ភ្នំពេញ ៖ យោងតាមការចុះផ្សាយលើគេហទំព័ររបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈ ពេល ៥ខែ ដើមឆ្នាំ២០១៨នេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២លាន ៥សែននាក់កើនឡើង១៣,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ក្នុងនោះ ភ្ញៀវចិនឈរលំដាប់ថ្នាក់ទី១ គឺក្នុងកំណើន ៧៨,៧% ទី២ គឺវៀតណាម តែថយចុះ ២,៥% និងលំដាប់ថ្នាក់ទី៣ គឺភ្ញៀវទេសចរឡាវ ថយចុះ ៣,២% ។
ចំពោះប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះដែរ គឺមានដូចជា ភ្ញៀវទេសចរមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក កើនឡើង ១៩,៤% ខណៈដែលភ្ញៀវមកពីតំបន់អាស៊ានបានថយចុះ ៥,៩% ។ ចំណែកភ្ញៀវមកពីតំបន់អឺរ៉ុបក៏មាន ការថយចុះ ៥,៩%ដូចគ្នា ហើយភ្ញៀវទេសចរមកពីតំបន់អាមេរិកក៏បានថយចុះប្រមាណ ៣,៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ។
របាយការណ៍ដដែល ក៏បានបង្ហាញថា ទេសចរអន្តរជាតិដែលបានមកទស្សនានៅកម្ពុជាច្រើន ទស្សនានៅរាជធានីភ្នំពេញ តំបន់សៀមរាបអង្គរ តំបន់ឆ្នេរសមុទ្រ និងទីកន្លែងដទៃៗទៀត ដូចជា តំបន់អេកូទេសចរណ៍ភូមិភាគឦសាន និងតំបន់ប្រាសាទព្រះវិហារជាដើម៕