ភ្នំពេញ ៖ ផ្អែកលើចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរ ចេញ-ចូល តាមច្រកទ្វារ អន្តរជាតិភ្នំពេញ មានកំណើនយ៉ាងគំហុក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្នុងនោះបានពង្រីកសេវាកម្មបំរើភ្ញៀវ ទាំងផ្នែកខាងក្នុង និងខាងក្រៅព្រលាន បានធំទូលាយ មានសោភណ្ឌភាព សុវត្ថិភាព និងបង្ករភាពងាយស្រួល ក្នុងការធ្វើដំណើរ ការរង់ចាំ ប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាស្វ័យប្រវត្តិ។
លោកស្រី ក្លូអេ ឡាពែរ័ ប្រធានគ្រប់គ្រងទូទៅ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី១៦ ខែ សីហានេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលបង្ហាញពីការអភិវឌ្ឍន៍ និងការពង្រីកវិសាលភាព របស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំរើសេវាកម្ម ក៏ដូចជាឆ្លើយតបទៅនឹងការកើនឡើង នៃចំនួនភ្ញៀវទេសចរ ចេញ- ចូល ប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិមួយនេះ។
លោកស្រី ប្រធានគ្រប់គ្រងទូទៅ បានឱ្យដឹងថា “អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានអភិវឌ្ឍន៍ជាច្រើន ដែលក្នុងនោះ បានពង្រីកស្ថាននីយ៍ជាដំណាក់កាល ទាំងផ្នែកខាងក្នុង និង ខាងក្រៅ ។ ផ្នែកសាធារណៈមានកន្លែងទទួលភ្ញៀវ មានដំបូល មានកន្លែងអង្គុយរង់ចាំ រួមទាំងមានចំណតរថយន្តថ្មី ធំទូលាយ និងបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាស្វ័យប្រវត្តិ លឿន រហ័សទាន់ចិត្ត ពោលគឺបង្កើនច្រកចូល និងច្រកចេញ ច្រើនជាងមុន មានផ្លូវបើកបរ តាមបទដ្ឋានបច្ចេកទេស មិនធ្វើឱ្យមានការកកស្ទះ ឬ យឺតយូរ ដូចពីមុនទៀតឡើយ។ ក្រៅពីនេះ ក៏មានហាងកាហ្វេ មានកន្លែងលក់កាតទូរស័ព្ទ មានសេវារថយន្តក្រុង រថភ្លើង និងតាក់ស៊ីគ្រប់ប្រភេទទៀតផង”។
លោកស្រី ក្លូអេ ឡាពែរ័ បន្តទៀតថា រាល់ការប្រើប្រាស់សេវាកម្មថ្មី ទាំងនេះ អតិថិជន ត្រូវបង់ប្រាក់ជាមុន។ ចំពោះរថយន្ត គ្រប់ប្រភេទ ក្រោយពេលបង់ប្រាក់ អាចសំណតបានត្រឹមតែ១៥ទៅ២០នាទីប៉ុណ្ណោះ លើពីនេះ គឺត្រូវគិតប្រាក់បន្ថែមទៅតាម ម៉ោងពេល ដែលអ្នកត្រូវចេញដំណើរ ពីចំណត ក្នុងព្រលាន។
សម្រាប់សេវាគិតប្រាក់មាន២ប្រភេទ អតិថិជនអាចជ្រើសរើសយកការប្រើប្រាស់ ប្រព័ន្ធកាតពណ៌ស្វាយ ឬ ប្រើប្រាស់សេវាកម្មធម្មតា គឺពេលចូលត្រូវចុចយកបង្កាន់ដៃផ្ញើ និងមុនពេលចាកចេញ ត្រូវយកបង្កាន់ដៃនោះទៅបង់ប្រាក់ជាមុន។ យ៉ាងណាលោកស្រីថា ការប្រើប្រាស់កាតពណ៌ស្វាយចំណេញ និងមានអាទិភាពច្រើនជាង ពោលគឺរាល់ការចេញចូលមិនបាច់មានសំបុត្រទេ គ្រាន់តែអ្នកបើកបរ ត្រូវបើកបរទៅតាមផ្លូវ ដែលបានកំណត់ ចំណែកឯការគិតប្រាក់ គឺគិតតាមប្រព័ន្ធស្វ័យប្រវត្តិ តាមពេលម៉ោង និងតាមស្លាកលេខរថយន្តរបស់អ្នក។ រីឯតម្លវិញ មានការប្រែប្រួលបន្តិចបន្តួច សម្រាប់រថយន្ត ចំពោះម៉ូតូមួយគ្រឿង ២០០០រៀលក្នុង១ថ្ងៃ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ បានពង្រីកចំណត រថយន្តរហូតដល់ទៅ៤៥០កន្លែង ក្នុង១ថ្ងៃមានរថយន្តចេញ-ចូល ប្រមាណជា៣០០០គ្រឿង ហើយមានចំណតម៉ូតូ២កន្លែង ចំណតភ្ញៀវ និងចំណតបុគ្គលិក ក្រៅពីនេះ មានចំណតតាក់ស៊ី ចំណតរថយន្តក្រុង ចំណតរថភ្លើង និងចំណតម៉ូតូកង់បី នៅដាច់ដោយឡែកពីគ្នា ៕